ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាបានដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ និងផ្លេតហ្វមដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ ខណៈដែលការអភិវឌ្ឍដ៏ឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជា ក្នុងរយៈពេលជាង ២ ទសវត្សរ៍នេះបាននាំមកនូវបញ្ហាប្រឈមថ្មីៗក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់ប្រកបដោយនិរន្តរភាព។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីប្រទេសស៊ុយអែត ជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២៨ ខែមិថុនាបានដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ ខណៈដែលកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជាបាននាំឱ្យមានការកើនឡើងនូវការប្រើប្រាស់វត្ថុធាតុដើម និងថាមពល ហើយស្រដៀងគ្នានឹងប្រទេសនានាដែលកំណើននេះបាននាំមកនូវបញ្ហាប្រឈមថ្មីៗក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់។
លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានប្រាប់ថា ការអនុវត្តយុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំប្រកបដោយចីរភាព នឹងធានាឱ្យយើងទាំងអស់គ្នានៅកម្ពុជាអាចទទួលបានអនាគតដែលមានភាពបៃតង ស្អាត និងមានសុវត្ថិភាព។
លោកថ្លែងថា៖ «យុទ្ធសាស្ដ្រ និងផែនការសេដ្ឋកិច្ចវិលជុំមានគោលបំណងបង្កើតនូវដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន។ យុទ្ធសាស្ដ្រមានគោលបំណងលុបបំបាត់ការខ្ជះខ្ជាយធនធាននៅក្នុងវដ្ដសេដ្ឋកិច្ចទាំងមូល និងបន្តរក្សានៃសម្ភារនានាឱ្យមានយូរបំផុតតាមដែលអាចធ្វើទៅបានជំនួសឱ្យការប្រើប្រាស់រួចហើយបោះចោលតែម្ដង»។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចវិលជុំមានសក្ដានុពលនាំមកនូវការផ្លាស់ប្តូរសង្គម និងបរិស្ថានជាវិជ្ជមាន ដើម្បីបង្កើតនូវតម្លៃសេដ្ឋកិច្ចថ្មីៗ និងឱកាសការងារកាន់តែច្រើន។ លោកបន្តថា៖ «គំរូសេដ្ឋកិច្ចនេះអាចតម្រង់ទិសដល់ការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសនានានៅក្នុងកម្រិតប្រាក់ចំណូលទាំងអស់ ដែលរួមទាំងកម្ពុជាផងដែរ»។
លោកស្រី Moeko Saito-Jensen អ្នកឯកទេសគោលនយោបាយបរិស្ថាននៃ UNDP បានឱ្យដឹងនៅក្នុងអំឡុងពេលសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង «យុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំ និងផែនការសកម្មភាព» កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ថា ដោយសារតែការកើនឡើងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលងាយនឹងទទួលរងគ្រោះបំផុត ដោយសារតែការប្រែប្រួលអាកាសធាតុ។
លោកស្រីថ្លែងថា៖ «ដើម្បីគាំទ្របរិស្ថានដ៏សំខាន់សម្រាប់មនុស្សគ្រប់ជំនាន់នៅពេលអនាគត និងធានាអនាគតប្រកបដោយសុវត្ថិភាពរបស់ពួកគេ គឺពិតជាចាំបាច់ក្នុងការផ្លាស់ប្តូរមធ្យោបាយដែលប្រតិបត្តិការសេដ្ឋកិច្ច និងមធ្យោបាយនានាដែលយើងប្រើប្រាស់សម្ភារ និងសំណល់ដែលបោះចោល»។
លោកស្រីឱ្យដឹងថា សេដ្ឋកិច្ចវិលជុំស្វែងរកកំណើនសេដ្ឋកិច្ចដែលដាច់ដោយឡែកពីគ្នាដោយវានឹងជួយលើកកម្ពស់ការប្រើប្រាស់សម្ភារប្រកបដោយចីរភាព និងថាមពលកកើតឡើងវិញស្អាត។
លោកស្រីបានលើកឡើងថា៖ «នៅក្នុងករណីការគ្រប់គ្រងសំណល់នៅក្នុងប្រទេសកម្ពុជា សំណល់ជាង ៧០ ភាគរយគឺជាវត្ថុធាតុដើមសរីរាង្គ ឬសម្ភារប្លាស្ទិក។ ទោះបីយ៉ាងណា នៅក្នុងពេលនេះសំណល់ដែលមិនស្អាតត្រូវបានបោះចោលនៅទីលានចាក់សំរាម ដោយមិនមានអន្តរាគមន៍ទ្រង់ទ្រាយធំក្នុងការប្រើប្រាស់ឡើងវិញ ឬការកែច្នៃឡើងវិញសម្ភារទាំងនេះ»។
លោកស្រីបានបន្តថា៖ «ដោយមានការដាក់ឱ្យប្រើប្រាស់សេដ្ឋកិច្ចវិលជុំ ជំនួសឱ្យការបោះចោលតែម្ដង សម្ភារទាំងនេះនឹងត្រូវចាត់ទុកជា «ផលិតផល ឬថាមពលថ្មី»។ សម្ភារទាំងនេះនឹងត្រូវប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ ហើយសម្ភារទាំងនេះនឹងបន្ថែមតម្លៃដល់សេដ្ឋកិច្ចជាមិនខាន»។
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការឧតុនិយមពិភពលោក (WMO) សីតុណ្ហភាពពិភពលោក អាចលើសពីការកំណត់ទិសដៅត្រឹម ១,៥ អង្សារសេពីកម្រិតមុនឧស្សាហកម្មក្នុងរយៈពេល ៥ ឆ្នាំក្រោយ។ នៅទូទាំងភពផែនដី ការកើនឡើងសីតុណ្ហភាពណាមួយនឹងបង្កើនគ្រោះមហន្តរាយអាកាសធាតុយ៉ាងខ្លាំងដូចជាខ្យល់ព្យុះទីហ្វុងធំៗ ទឹកជំនន់ធំៗភាពរាំងស្ងួតខ្លាំង និងការបង្កើនភ្លើងឆេះព្រៃ។ ធនធានធម្មជាតិសំខាន់ៗប្រហែល ៩០ លានតោនត្រូវបានទាញយកក្នុង ១ ឆ្នាំ៕ LA