ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែង​នាពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​ពិចារណា​លើ​ផែនការ​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន ព្រមទាំង​អាច​នឹង​ឈានដល់​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន ដើម្បី​ផ្តល់ឱកាស​ឱ្យ​រដ្ឋាភិបាល​អាច​បើក​ប្រទេស និង​សេដ្ឋកិច្ច​ឡើងវិញ​ក្នុងពេល​ដ៏ឆាប់ នៅក្នុង​បរិបទ​ថ្មី​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ចំនួន​ ១ ​លានដូស​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ចុង​សប្តាហ៍​មុន​ថា ជាមួយនឹង​សម្ទុះ​នៃ​ការទទួល​បាន​វ៉ាក់សាំង​ក្នុង​ល្បឿន​ដ៏លឿន កម្ពុជា​នឹង​រៀបចំ​ផែនការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាពលរដ្ឋ​បាន​លឿន​ជាង​មុន ហើយក៏​នឹងសិក្សា​លទ្ធភាព​នៃ​ការចាក់វ៉ាក់សាំង​ឱ្យ​ក្មេង​តូចៗ ព្រមទាំង​ការចាក់​ដូស​ទី​ ៣ ដល់​ប្រជាជន​ទូទៅ​ផងដែរ​។ លោក​បន្តថា បើសិន​ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​បញ្ជា​ទិញ បានមក​ដល់​តាម​ការ​គ្រោងទុក កម្ពុជា​នឹងមាន​វ៉ាក់សាំង ២០ ​លានដូស​នៅត្រឹម​ខែសីហា ខាងមុខ​។

លោក​ថ្លែងថា​៖ «​បន្តិចទៀត​យើង​នឹងមាន​ផែនការ​ប្រជុំ​មួយ​ដើម្បី​ពិនិត្យ​លទ្ធភាព​កែសម្រួល​ឡើងវិញ​នៃ​ផែន​ការចាក់​វ៉ាក់សាំង ដោយ​យើង​នឹង​គិតដល់​ក្មេង​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ថា តើ​គួរ​ចាក់​បាន ឬ​មិនបាន និង​លទ្ធភាព​មួយទៀត​ដែល​កំពុង​សិក្សា​ផងដែរ គឺ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣​។ នេះ​ជា​ការគិត​របស់​រដ្ឋាភិបាល​ ១ ​ជំហាន​ទៅមុន​ឱ្យ​ហើយ​»​។

គិត​ត្រឹម​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​បានទទួល​វ៉ាក់សាំង​ទាំង​ការបញ្ជាទិញ ការផ្តល់​ជំនួយ​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ និង​ពី​ប្រទេស​ចិន សរុប​ជាង ១០ ​លានដូស​។

លោក វិស្សុត លើកឡើង​ទៀតថា ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​សម្ទុះ​ឡើងវិញ ព្រោះ​បើ​មិនអាច​កាត់បន្ថយ ឬ​ទប់ស្កាត់​ការឆ្លង​កូវីដ​ ១៩ បាន​ការបើក​ប្រទេស ឬ​សេដ្ឋកិច្ច​ឡើងវិញ​ក៏​ជួប​បញ្ហា​ដែរ​។

ធនាគារ​ពិភពលោក​កាលពី​ថ្ងៃ​ ១៧ ខែមិថុនា បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ដោយសារតែ​ការចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ដ៏​រហ័ស និង​ការ​ស្ទុះ​ងើបឡើង​វិញ​តម្រូវការ​ពិភពលោក​។

ប៉ុន្តែ​ធនាគារ​មួយ​នេះ​ក៏បាន​ព្រមាន​ថា ខ្លួន​ក៏បាន​ពិនិត្យ​មើលឃើញ​នូវ​សេណារីយោ​អវិជ្ជមាន​ផងដែរ​ដែល​ក្នុងនោះ​អាច​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ ហើយ​វិធាន​ការបិទខ្ទប់​ទូទាំង​ប្រទេស​នៅតែមាន​ភាពញឹកញាប់ និង​អូស​បន្លាយពេល​យូរ​។ ក្រោម​លក្ខខណ្ឌ​បែបនេះ សេដ្ឋកិច្ច​តាម​ការព្យាករ​នឹងមាន​កំណើន​តែ​ ១ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

លោក Ly Sodeth សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ធនាគារ​ពិភពលោក​បានឱ្យដឹង​នៅក្នុង​អំឡុងពេល​ការធ្វើ​បទបង្ហាញ​ថា កម្ពុជា​បាន​ពន្លឿន​កម្មវិធី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដល់​ពលរដ្ឋ​ដែលជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ទំនុកចិត្ត​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ជាមួយ​កម្មវិធី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​ឆាប់រហ័ស កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​ទី​ ២ នៅ​អាស៊ាន​នៃ​ការពន្លឿន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩»​។ ប៉ុន្តែ​លោក​ថា ការចាក់​វ៉ាក់សាំង​បាន​លឿន​នេះ ដោយសារ​កត្តា​ភូមិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដែលមាន​ប្រជាពលរដ្ឋ​ប្រមូល​ម្តុំ​ដែល​អំណោយផល​ក្នុងការ​មកចាក់​វ៉ាក់សាំង ប៉ុន្តែ​លោក​ថា​សម្រាប់​ការចាក់​វ៉ាក់សាំង​តាម​ខេត្ត​អាច​នឹង​ចំណាយពេល​ច្រើន​ដោយសារ​បញ្ហា​ទីតាំង​អាច​ឆ្ងាយៗ​។

ការផ្ទុះ​ឡើង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​បាន​បន្ត​អូសបន្លាយ​មកដល់ពេលនេះ​បាន​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​ទទួលរង​ផលប៉ះពាល់​យ៉ាងដំណំ ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១ នេះ​ផងដែរ​។

លោក វិស្សុត ដែល​ទទួលស្គាល់​បញ្ហា​នេះ បាន​និយាយថា ក្នុង​រយៈពេល​ ៥ ​ខែ​មកនេះ កម្ពុជា​នៅតែ​អាច​ទប់ទល់​បាន ដោយ​មិន​ធ្លាក់​ខ្លាំងពេក​ទេ ប៉ុន្តែ​បើ​ធៀប​នឹង​ការរំពឹង​កំណើនសេដ្ឋកិច្ច​ឆ្នាំ​ ២០២១ នឹងមាន ៤ ​ភាគរយ​នោះ វា​នឹងមាន​ប៉ះពាល់​ខ្លះ​។

លោក​បន្ថែមថា ទោះយ៉ាងណា​កម្រិត​នៃ​ការប៉ះពាល់​នេះ គឺ​ត្រូវ​ចាំមើល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​កូវីដ ១៩ ក្នុងប្រទេស​រហូតដល់​ចុងឆ្នាំ​សិន បើ​សេដ្ឋកិច្ច​អាច​ងើប​ឡើងវិញ​បាន​ចាប់ពី​ខែកញ្ញា ឬ​ខែតុលា កម្ពុជា​នៅ​សង្ឃឹមថា អត្រាកំណើន ៤ ​ភាគរយ​ឆ្នាំនេះ​នឹង​សម្រេចបាន​។

លោក​ថ្លែងថា​៖ «​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង បើ​ធ្វើការ​វាយតម្លៃ​គឺអាច​ថា​នៅ​ទប់ទល់​បាន ប៉ុន្តែ​វា​មិនល្អ​ដូច​ការរំពឹងទុក​របស់​យើង​ទាំងស្រុង​ទេ​។ យើង​មើលឃើញថា សភាពការណ៍​សេដ្ឋកិច្ច​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំនេះ ឆ្លុះបញ្ចាំង​ថា សេដ្ឋកិច្ចកម្ពុជា​ទោះជា​រងផលប៉ះពាល់​ពី​ការផ្ទុះ​នៃ​ព្រឹត្តិការណ៍ ២០ ​កុម្ភៈ​ក៏ដោយ ពី​ការបិទខ្ទប់​ក៏ដោយ ប៉ុន្តែ​នៅមាន​សមត្ថភាព​មួយ​រស់​បាន​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូមជម្រាបថា ការនាំចេញ​ក្នុង​រយៈពេល ៥ ​ខែ​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ការនាំចេញ​របស់​កម្ពុជា​នៅតែមាន​ភាពរឹងមាំ ត្រង់​ថា​ទំនិញ​យើង​នាំ​ចេញទៅ​ក្រៅ ដក​មាស​ចេញ គឺ​នៅតែ​កើនឡើង ១៧ ​ភាគរយ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការបង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ដើម្បី​ឈាន​ឆ្ពោះទៅ​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស​ឱ្យបាន​ឆាប់ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​។ ក្រៅពីនេះ​កម្ពុជា​ក៏​ទើប​ទទួលបាន​ទីផ្សារ​ថ្មីៗ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េ​ផងដែរ​។

លោក​និយាយថា​៖ «​ចំនួន ការចាក់​វ៉ាក់សាំង​នឹង​ផ្តល់​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុងការ​ចូលមក​បណ្តាក់​ទុន ព្រមទាំង​ជំរុញ​កម្លាំង​ផលិត​ឱ្យមាន​សម្ទុះ​កាន់តែខ្លាំង​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៣៥ ៨០៥,៨៥ ​លាន​ដុល្លារ កើនឡើង ២,៥៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មានតម្លៃ ១៧ ២១៥,៣៧ លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ និង​នាំចូល​មាន​តម្លៃ ១៨ ៥៩០,៤៨ ​លាន​ដុល្លារ​ធ្លាក់ ៧,៨៤ ភាគរយ​៕ LA

វីដេអូ៖