ភ្នំពេញៈ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីផ្ដល់កម្ចីអាជីវកម្មកាន់តែច្រើន ជាកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចចំពេលវិបត្តិសុខភាព។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៩ ខែមិថុនា រវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃជុំទី ២ នៃស្ថាប័នហិរញ្ញវត្ថុចូលរួម ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារប្រេដប៊ែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារជេត្រាស់រ៉ូយ៉ាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងធនាគារស្ថាបនា។
ការចាប់ដៃគូជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាថ្ងៃនេះ នឹងធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជាសរុបកើនឡើងដល់ចំនួន ១៥។ ការចុះហត្ថលេខានេះអនុញ្ញាតឱ្យសាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួមទាំងអស់សហការគ្នាក្នុងការផ្តល់ឥណទានដែលមានការធានាដល់ក្រុមហ៊ុនអាជីវកម្មនានានៅកម្ពុជា។
លោក រស់ សីល វ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា យន្តការធានាឥណទាន គឺជាសេវាហិរញ្ញវត្ថុថ្មីនៅកម្ពុជា ដែលរំពឹងថា អាចចូលរួមដោះស្រាយបញ្ហារាំងស្ទះដល់ការផ្តល់ហិរញ្ញប្បទាន និងនាំមកនូវទម្លាប់ថ្មីនៃការផ្តល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមចាប់យកឱកាសនៃភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពមូលដ្ឋានអតិថិជន និងទីផ្សារឥណទានរបស់ខ្លួន តាមរយៈការផ្តល់ឥណទានថ្មីៗដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នាក្នុងរយៈពេលវែងពីគម្រោងធានាឥណទាននេះ ការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួមក្នុងការវាយតម្លៃ និងត្រួតពិនិត្យឥណទានរបស់ក្រុមហ៊ុនអាជីវកម្ម គឺពិតជាមានសារៈសំខាន់»។
លោក សុខ រឿន ប្រធានប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី ២៩ ខែមិថុនា បន្ទាប់ពីចុះហត្ថលេខាថា ការចូលរួមរបស់ស្ថាប័នលោកនឹងរួមចំណែកក្នុងការចាក់បញ្ចូលមូលនិធិបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច ខណៈដែលអាជីវកម្មជាច្រើនកំពុងត្រូវការដើមទុនសម្រាប់ការរស់ឡើងវិញ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ ។
លោកថ្លែងថា៖ «យើងមើលឃើញអាជីវកម្មជាច្រើនផ្សេងទៀតក្នុងវិស័យសេវាកម្ម កសិកម្ម ពាណិជ្ជកម្ម និងដឹកជញ្ជូន កំពុងស្វែងរកមូលនិធិបន្ថែមដើម្បីគាំទ្រអាជីវកម្មរបស់ពួកគេ។ ដោយមានការចូលរួមនេះ យើងអាចបង្កើនទំហំកម្ចីរបស់យើង ពិសេសចំពោះសហគ្រាសធុនតូច និងមធ្យមត្រូវបានរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩។ នេះគឺជាការរួមចំណែករបស់យើងសម្រាប់កំណើនសេដ្ឋកិច្ច ក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ»។
កាលពីដើមខែមិថុនា ធនាគារ កាណាឌីយ៉ា បានក្លាយជាសមាជិកដំបូងនៃផែនការធានាការស្ទុះងើបឡើងវិញអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមដំណើរការ CGCC ជាមួយគ្រោងការធានាអាជីវកម្ម ២០០ លានដុល្លារក្នុងខែមីនា ឆ្នាំ ២០២១ ដើម្បីគាំទ្រអាជីវកម្មរួមមានសហគ្រាសខ្នាតតូច និងមធ្យមក៏ដូចជាក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការពី PFI សម្រាប់ដើមទុនធ្វើការវិនិយោគ និងការពង្រីកអាជីវកម្ម។
គ្រោងការអាចប្រើបានរហូតដល់ចុងឆ្នាំ ២០២២ ហើយប្រាក់កម្ចីដែលត្រូវបានធានានឹងត្រូវបានផ្តល់ជូនតាមរយៈ PFI ដោយផ្អែកលើ «អ្នកដែលមកមុនគេ និងទទួលបានសេវាកម្មដំបូងគេ»។ រហូតមកដល់ពេលនេះការធានាចំនួន ១៨ ត្រូវបានចេញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ PFI ក្រោម BRGS។
យោងទៅតាម CGCC ចំនួនកើនឡើងនៃ PFI របស់ CGCC នឹងផ្តល់ឱ្យអ្នកខ្ចីនូវជម្រើសនៃស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នានៅទូទាំងប្រទេសដើម្បីស្វែងរកហិរញ្ញប្បទានក្រោមគម្រោងធានារបស់ CGCC។
ការគាំទ្រ CGCC ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមដល់អ្នកខ្ចីដែលមានលទ្ធភាពសងប្រាក់កម្ចី ប៉ុន្តែខ្វះវត្ថុបញ្ចាំដោយផ្តល់ការធានាពី ៧០ ទៅ ៨០ ភាគរយ ដែលអាចដើរតួជាអ្នកបញ្ចាំ។ អត្ថិភាពនៃ CGCC មានន័យថាអ្នកខ្ចីឥឡូវនេះអាចមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើទោះបីខ្វះទ្រព្យធានាក៏ដោយ៕ LA