ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្រោមហិរញ្ញប្បទានពីសហភាពអឺរ៉ុប ការអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម (CAPFISH Programme) បានសម្រេចតាមផែនការ និងកំពុងពិនិត្យលទ្ធភាពបន្តសកម្មភាព និងវិធានការថ្មីៗទៀតដើម្បីជំរុញវិស័យនេះឱ្យរីកចម្រើន។
ការលើកឡើងនេះត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះក៏មានការចូលរួមពីដៃគូមួយចំនួនដូចជា អង្គការ FAO, UNESCO, AFD និង UNIDO។
ការពិភាក្សាគ្នាផ្តោតលើកម្មវិធីចំនួន ២ គឺកម្មវិធីស្តីពី «ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកនេសាទ និងកម្មវិធីស្តីពី «ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម»។
កម្មវិធីនេះធ្វើឡើងដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់នឹងអាកាសធាតុ និងបរិយាប័ន្ន ធនធានជលផលទឹកសាប និងសមុទ្រនៅកម្ពុជា។
កម្មវិធីនេះក៏ចូលរួមចំណែកជួយដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងវិស័យជលផល ពិសេសបញ្ហាពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់ និងគ្មានរបាយការណ៍ (IUU) នៅកម្ពុជា។
លោក វេង សាខុន បានឱ្យដឹងថា ភាគីទាំង ២ បានពិនិត្យលើលទ្ធផលដែលបានសម្រេចកំណត់ចំណុចខ្លាំង និងខ្សោយរួចឈានទៅដាក់ចេញផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀតសម្រាប់អនុវត្តបន្តដើម្បីជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ ជាពិសេសឆ្លើយតបទៅនឹងផែនការដែលកំពុងមាន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ការអនុវត្តកម្មវិធីទាំង ២ ខាងលើនេះនៅតែសម្រេចទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកបន្តថា៖ «យើងសូមកោតសរសើរចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ស្ថាប័នរដ្ឋពាក់ព័ន្ធដើម្បីចូលរួមបង្កើនជំរុញផលិតភាពផលិតកម្មវារីវប្បកម្មធ្វើឱ្យវិស័យនេះរីកចម្រើន»។
លោកស្រី Carmen Moreno បានឱ្យដឹងថា វិស័យវារីវប្បកម្មកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការរក្សាបាននូវនិរន្តរភាពស្បៀងអាហារ និងបង្កើនកម្រិតជីវភាពក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺកូវីដ ១៩។
លោកស្រីបានសន្យាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យនេះ ធ្វើយ៉ាងណាជំរុញកំណើនវិស័យជលផល ធានាបានសន្តិសុខស្បៀង ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។
លោកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថា តាមរយ:កម្មវិធីដែលកំពុងអនុវត្តគឺពិតជាបានជួយដល់អ្នកនេសាទ វារីវប្បករកម្ពុជា សហគមន៍នេសាទទទួលបានអត្ថប្រយោជន៍ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ»។
គម្រោង CAPFISH-Capture ត្រូវបានអនុវត្តសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ ដែលជាហិរញ្ញប្បទានពីសហភាពអឺរ៉ុបសរុបចំនួន ៨៧ លានអឺរ៉ូ (ប្រហែល ១០៤ លានដុល្លារ) និងថវិកាបដិភាគ ១១ លានអឺរ៉ូទៀតពីរដ្ឋាភិបាលកម្ពុជា ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា៕ LA