ភ្នំពេញៈ កម្ពុជាបាននាំចេញកសិផលចំនួនជិត ៤,៥ លានតោនក្នុងឆមាសទី១ ឆ្នាំ ២០២១ កើនឡើងជិត ៨៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ និងទទួលបានចំណូលជាង ២,៥៧ ពាន់លានដុល្លារ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់លោក វេង សាខុន ដែលផ្សព្វផ្សាយកាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឱ្យដឹងថា តាមទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) គឺក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុប ៤ ៤៥៤ ៥០៥,៣៣ តោនកើនឡើង ៨៤,៦៤ ភាគរយ ឬស្មើនឹង ២ ០៤១ ៩៨២,៧២ តោន បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ២ ៤១២ ៥២២,៦១ តោន។
ការនាំចេញកសិផលក្នុងអំឡុងពេលនេះ គឺទៅប្រទេស ៦២ ក្នុងតម្លៃ ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លារ (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)។
បើតាមរបាយការណ៍ខាងលើកសិផលសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា អង្ករ ស្រូវ ចេកស្រស់ ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង សណ្តែកបាយ ប្រេងដូង ថ្នាំជក់ ម្ទេស និងបន្លែចម្រុះ ជាដើម។
លោក វេង សាខុន បាននិយាយថា ទន្ទឹមនឹងកំណើននៃការនាំចេញផលិតផលកសិផលជាបន្តបន្ទាប់នេះ ក្រសួងកសិកម្មក៏កំពុងខិតខំជំរុញការអនុវត្តវិធាន CamGAP និងប្រើប្រាស់ QR Code ដើម្បីជំរុញ និងលើកកម្ពស់គុណភាពកសិកម្មកម្ពុជា សម្រាប់ជាគុណប្រយោជន៍ដល់គុណភាព និងសុវត្ថិភាពអ្នកបរិភោគក្នុងស្រុក និងនាំចេញផងដែរ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះការជំរុញការអនុវត្ត CamGAP មិនត្រឹមតែកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិផងដែរ»។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលកំពុងវិនិយោគលើការដាំដុះ និងនាំចេញផ្លែចេកស្រស់ទៅក្រៅប្រទេសលើផ្ទៃដីសរុប ១ ០០០ ហិកតានៅខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១ ខែកក្កដាថា លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ អាកាសធាតុ និងគោលនយោបាយជំរុញលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើឱ្យកំណើននៃការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាមានសម្ទុះកើនឡើងជាបន្តបន្ទាប់ ពិសេសចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ ១៩។
លោកបន្តថា ស្ថានភាពទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិនៅពេលនេះ គឺមានតែផលិតផលកសិផលប៉ុណ្ណោះដែលមានតម្រូវការរឹងមាំ និងចាំបាច់ជាងគេ។
លោកបន្ថែមទៀតថា៖ «ជាមួយនឹងកំណើននៃការវិនិយោគជាបន្តបន្ទាប់ ខ្ញុំគិតថា ការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេសនឹងមានអត្រាខ្ពស់បន្ថែមទៀតនៅក្នុងឆមាសទី ២ នេះ»។
លោកលើកឡើងថា ដើម្បីរក្សាបាននូវកំណើននៃការនាំចេញនេះបន្តទៀត អ្នកវិនិយោគ ឬប្រជាកសិករក៏ត្រូវចេះជ្រើសរើសកសិផលមកដាំដុះឱ្យសមស្របនឹងតម្រូវការទីផ្សារ ព្រមទាំងត្រូវស្វែងរកបច្ចេកទេសដាំដុះ ប្រមូលផល និងវេចខ្ចប់ប្រកបដោយអនាម័យ ស្របនឹងការចង់បានរបស់អ្នកបញ្ជាទិញ។
កំណើននៃការនាំចេញកសិផលរបស់កម្ពុជានៅពេលនេះត្រូវបានគេដឹងថា ក៏កំពុងទទួលបានចំណែកពីការចុះកិច្ចព្រមព្រៀងលើការនាំចេញផលិតផលកសិកម្មមួយចំនួនទៅទីផ្សារប្រទេសចិន និងកូរ៉េជាដើម។
បើយោងតាមក្រសួងកសិកម្ម ក្នុងឆ្នាំ ២០២០ កម្ពុជារកចំណូលបានប្រមាណ ៣ ៤៣៣ លានដុល្លារពីការនាំចេញកសិផលទៅទីផ្សារអន្តរជាតិ៕ LA