ភ្នំពេញៈ កម្ពុជាបាននាំចេញកៅស៊ូតម្លៃសរុបជាង ២២១,៦៧ លានដុល្លារក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២១ កើនឡើង ៣៨,១២ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានតម្លៃជាង ១៦០ លានដុល្លារ។ នេះបើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានឱ្យដឹងទៀតថាក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះតម្លៃលក់ជ័រកៅស៊ូលើទីផ្សារអន្តរជាតិមធ្យមថ្លៃ ១ ៦៧៧ ដុល្លារក្នុង ១ តោន កើន ៣៧៤ ដុល្លារក្នុង ១ តោន ស្មើនឹង ២៨,៧២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ដោយឡែក តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ ១ ៦៨៥ ដុល្លារក្នុង ១ តោនថយចុះ ១៥ ដុល្លារក្នុង ១ តោន ស្មើនឹង ០,៨៦ ភាគរយ ធៀបនឹងខែមុន ប៉ុន្តែ កើនឡើង ៤១៩ ដុល្លារក្នុង ១ តោន ស្មើនឹង ៣៣,៥ ភាគរយធៀបនឹងខែមិថុនាឆ្នាំមុន។
រីឯ តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការក៏បានកើនឡើងផងដែរ គឺទឹកជ័រ (DRC ១០០%) មានតម្លៃចន្លោះពី ៥ ៨៥០ ទៅ ៦ ៥០០ រៀលក្នុង ១ គីឡូក្រាម កើន ២០៩ រៀលក្នុង ១ គីឡូក្រាមធៀបនឹងខែមុន និងជ័រកក (DRC ៥០%) ថ្លៃចន្លោះពី ២ ៥០០ ទៅ ៣ ៣០០ រៀលក្នុង ១ គីឡូក្រាម កើន ១៦៩ រៀលក្នុង ១ គីឡូក្រាម ធៀបនឹងខែមុន (អាស្រ័យតាមតំបន់)។
ផលិតផលជ័រកៅស៊ូសរុបរយៈពេល ៦ ខែនេះសម្រេចបានចំនួន ១៣៣ ៣៦៧ តោន កើន ៧ ២៧៨ តោន ស្មើនឹង ៥,៧៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ១៦០ ហិកតាក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង ៧២ ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨ ភាគរយ៕