ភ្នំពេញៈ ដោយសារវិបត្តិកូវីដ ១៩ បាននាំឱ្យចំណូលរបស់គ្រឹះស្ថានអង្គរពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងឆមាសទី១ ឆ្នាំ ២០២១ បន្តធ្លាក់ចុះស្ទើរ ១០០ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគ្រឹះស្ថានអង្គរ។
ទិន្នន័យបានបង្ហាញថា ពីខែមករា ដល់ ខែមិថុនា ឆ្នាំនេះ គ្រឹះស្ថានអង្គរបានលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសសរុបចំនួន ៥ ៣២៩ នាក់ ដែលមានតម្លៃជាប្រាក់ចំនួន ២១៩ ២១៨ ដុល្លារ ធ្លាក់ចុះ ៩៨,៧៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបានឱ្យដឹងទៀតថា សម្រាប់ខែមិថុនា គ្រឹះស្ថានអង្គរបានលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចំនួន ៥៥៥ នាក់រកចំណូលបាន ២២ ០១០ ដុល្លារ ថយចុះ ៦៩,៩ ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំមុន។
សំបុត្រចូលទស្សនាក្នុងរមណីដ្ឋានអង្គរ ១ ថ្ងៃ មានតម្លៃ ៣៧ ដុល្លារ សំបុត្រ ៣ ថ្ងៃ មានតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃមានតម្លៃ ៧២ ដុល្លារ។ នេះបើតាមតារាងតម្លៃនៅគេហទំព័ររបស់គ្រឹះស្ថានអង្គរ។
ក្នុងឆ្នាំ ២០២០ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរសរុប ៤០០ ៨៨៩ នាក់ ធ្លាក់ចុះ ៨១,៨២ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ចំណែក ចំណូលបានពីការលក់សំបុត្របានចំនួន ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់ ៨១,១៧ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមគ្រឹះស្ថានអង្គរ៕