ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពិនិត្យវាយតម្លៃទៅលើ «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គម» ដែលបង្កើតឡើងក្នុងបំណង ដើម្បីធានាសុខុមាលភាព និងកាត់បន្ថយភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីព្រាងច្បាប់នេះក៏ដើម្បីពង្រឹងសន្តិសុខប្រាក់ចំណូលរបស់ប្រជាជន និងលើកកម្ពស់សមភាពសង្គមតាមរយៈការបង្កើត និងគ្រប់គ្រងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន វឌ្ឍនភាព និងចីរភាពហិរញ្ញវត្ថុ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានដឹកនាំសិក្ខាសាលាពិភាក្សាស្តីពី «សេចក្តីព្រាងច្បាប់ពីប្រព័ន្ធគាំពារសង្គម» កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញបានលើកឡើងថា រដ្ឋាភិបាលទទួលស្គាល់ថាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធានាសុខុមាលភាពផ្នែកហិរញ្ញវត្ថុប្រជាពលរដ្ឋខ្មែរ។ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាការគ្របដណ្តប់ពីកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងវិស័យឯកជន។
លោកបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធគាំពារសង្គម» គឺស្របនឹងទស្សនៈរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សេចក្តីព្រាងច្បាប់នេះមាន ១០ ជំពូក និង ៩១ មាត្រា។
លោកថ្លែងថា៖ «ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូលប្រជាពលរដ្ឋ រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាពសង្គម»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) បានឱ្យដឹងថា បើច្បាប់នេះត្រូវបានបង្កើតឡើងវានឹងមានអត្ថប្រយោជន៍យ៉ាងសំខាន់ទៅលើការការពារហានិភ័យដែលកើតឡើងជាយថាហេតុ ដូចជាជំងឺ ឬរោគរាតត្បាតកាចសាហាវ និងប្រធានស័ក្តិមួយចំនួន។
លោកប្រាប់ថា៖ «ខ្ញុំគិតថា កិច្ចការទាំងអស់នេះនឹងផ្តោតលើការចាយវាយថវិការបស់រដ្ឋប្រកបដោយតុល្យភាពរវាងចំណូល និងចំណាយសម្រាប់សង្គ្រោះទៅលើហានិភ័យដែលនឹងកើតមានជាយថាហេតុ។ វាក៏អាចគ្របដណ្តប់ទាំងអស់ទៅលើការចំណាយរបស់រដ្ឋដើម្បីជួយសង្គ្រោះបន្ទាន់ដល់ជនងាយរងគ្រោះដូចជា ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម អ៊ីចឹងច្បាប់នេះគេធ្វើឡើងក្នុងគោលបំណងដើម្បីការការពារពួកគេ»។
ជាក់ស្តែងដោយស្ថានភាពជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តវិវឌ្ឍខ្លួនគួរឱ្យបារម្ភ រដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការជុំទី ៩ ដើម្បីជួយលំនឹងអាជីវកម្ម ធុរកិច្ចក្នុងវិស័យមួយចំនួន។
រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុង ១ ខែ និងម្ចាស់រោងចក្រ សហគ្រាសបន្ថែម ៣០ ដុល្លារទៀតសម្រាប់កម្មករនិយោជិត ១ នាក់នៅក្នុងវិស័យកាត់ដេរ ស្បែកជើង ផលិតផល ធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រដ្ឋបន្តឧបត្ថម្ភ ៤០ ដុល្លារក្នុង ១ ខែ។ ជាមួយគ្នានេះរដ្ឋក៏មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈការផ្តល់ប្រាក់ឧបត្ថម្ភនេះត្រូវបានបន្តអនុវត្តក្នុងរយៈពេល ៣ ខែទៀតដូចៗគ្នាគឺចាប់ពីខែកក្កដា-កញ្ញា ឆ្នាំ ២០២១៕ LA