ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៧០ ជាមួយនឹងទុនវិនិយោគសរុប ២ ៤២៨ លានដុល្លារក្នុងឆមាសទី ១ ឆ្នាំ ២០២១ ។ នេះបើតាមការគណនារបស់កាសែតភ្នំពេញប៉ុស្តិ៍ចំពោះគម្រោងដែលត្រូវបាន CDC បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២១។
ក្នុងចំណោមនេះ CDC បានអនុម័តគម្រោងវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ២៩ គម្រោងជាមួយនឹងទុនវិនិយោគសរុប ១៩៤,៧១ លានដុល្លារ។
CDC ក៏បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងគ្រឿងបង្គុំទោចក្រយានចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុប ១១៦,៥ លានដុល្លារ ព្រមទាំងគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមចំនួន ៤ មានទុនវិនិយោគ ៥៥,៦ លានដុល្លារ។
ទន្ទឹមនឹងនេះ CDC បានអនុម័តលើគម្រោងធំៗចំនួន ៣ លើវិស័យថាមពលអគ្គិសនី រួមមានគម្រោងកសាងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី ១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១ ២៨៣ លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្គាវ៉ាត់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ១៧,៦ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡានៅតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ កោះកុងមានទុនវិនិយោគ ៧,៨ លានដុល្លារ។
បន្ថែមពីលើនេះ CDC ក៏បានអនុម័តគម្រោងមួយចំនួនទៀតលើវិស័យបដិសណ្ឋារកិច្ច រួមមានគម្រោងសណ្ឋាគារផ្កាយ ៥ រោងចក្រកែច្នៃអាហារ និងកែច្នៃផលិតផលកសិកម្មជាដើម។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង កត់សម្គាល់ថា ក្នុងអំឡុងពេលនេះ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរឈានមុខគេ និងតាមពីក្រោយដោយគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងគ្រឿងបន្លាស់យានយន្ត។
លោកបានឱ្យដឹងទៀតថា បើទោះបីកម្ពុជាត្រូវបានព្យួរ EBA ២០ ភាគរយពីសហគមន៍អឺរ៉ុបក៏កម្ពុជានៅតែបានទទួលគម្រោងវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដើម្បីផលិតនាំចេញទៅសហគមន៍អឺរ៉ុប។ ម្យ៉ាងទៀត កម្ពុជាទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម GSP ពីចក្រភពអង់គ្លេសដែលនឹងជំរុញឱ្យលំហូរវិនិយោគិនពីបរទេស (FDI) មកកម្ពុជាកាន់តែច្រើន។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់រដ្ឋាភិបាលឱ្យបាន ១០ លាននាក់នឹងរួមចំណែកជំរុញកំណើនវិនិយោគនៅកម្ពុជា ព្រោះវិនិយោគិនមិនព្រួយបារម្ភអំពីផលប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកគេ»។
កាលពីឆ្នាំ ២០១៩ ការអនុម័តការវិនិយោគបានកត់ត្រាចំនួន ៩,៤០ ពាន់លានដុល្លារក្នុងនោះ ប្រទេសចិនវិនិយោគ ២,៧៥ ពាន់លានដុល្លារ ក្រុងហុងកុង ៩១២,៥៥ លានដុល្លារ និងជប៉ុន ២៩៨,៨៤ លានដុល្លារ។ នេះបើតាម CDC៕ LA