ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តនៅកម្ពុជា បានរាយការណ៍ថា ខ្លួនបានពង្រីកស្ថានីយជាង ៣០០ កន្លែងនៅទូទាំងប្រទេសក្នុងអំឡុងពេល ៦ ខែឆ្នាំ ២០២១ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកើនឡើងសម្រាប់ការតភ្ជាប់ដ៏រឹងមាំ និងទុកចិត្តបាន។
ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួនដែលមានតម្លៃជាង ៩០ លានដុល្លារលើទីតាំងបណ្ដាញ ៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា និងត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុនគ្រោងនឹងបន្ថែមដល់ទីតាំង ៣៥០ កន្លែងទៀត។
ការវិនិយោគដែលបានប្រកាសកាលពីខែមេសាមានឈ្មោះថា៖ «កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្ដាញឆ្នាំ ២០២១» នឹងត្រូវប្រើប្រាស់ ដើម្បីលើកកម្ពស់បណ្ដាញ 4G LTE ដែលមានស្រាប់របស់ខ្លួន ដើម្បីផ្ដល់សេវាទូទាំងប្រទេស និងជំរុញឱ្យមានការផ្លាស់ប្តូរកាន់តែរលូនទៅសេវាឥតខ្សែ 5G និង «ល្បឿនអ៊ីនធឺណិតចល័តដែលជំរុញដោយតួប៊ីន» ដែលរង់ចាំការសម្រេចពីរដ្ឋាភិបាល ដើម្បីដាក់ចេញសេវាកម្មពាណិជ្ជកម្មពេញលេញ។ នេះបើតាមក្រុមហ៊ុន Smart ។
តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន ៣០០ ទីតាំងថ្មីទាំងអស់នេះធ្វើឱ្យសេវាគ្របដណ្ដប់បណ្តាញ 4G LTE និងបទពិសោធនៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្ត។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ឱ្យដឹងថា ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿនទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីៗជាច្រើនផ្សេងទៀតនឹងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខ។ ក្រុមហ៊ុនកំពុងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «ក្រុមហ៊ុន Smart សម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់ដែលអាចជំរុញសក្ដានុពលឌីជីថលនៅកម្ពុជា និងដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់ទោះពួកគេរស់នៅទីណាក៏ដោយ»។
ដោយមានការទទួលយក 4G យ៉ាងរហ័សដោយអតិថិជន Smart ក៏កំពុងបិទជាបណ្ដើរៗនូវប្រព័ន្ធ 3G របស់ខ្លួនក្នុងឆ្នាំ ២០២១ តាមរយៈការទទួលយកការប្រើប្រាស់វិសាលគមន៍ហ្វ្រេកង់ស៍ដែលនៅសល់ ដែលប្រើប្រាស់សម្រាប់បណ្ដាញ 3G និង 4G។
គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន បានវិនិយោគ ១,៨៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា៕ LA