ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាការចាំបាច់សម្រាប់មេដឹកនាំទាំងអស់ជុំវិញពិភពលោក និងតំបន់ត្រូវរួមគ្នាសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅពេលការរីករាលដាលវីរុសកូរ៉ូណាមានភាពធូរស្រាល។
នេះគឺជាការលើកឡើងរបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយលើពិភពលោក កាលពីល្ងាចថ្ងៃទី ៦ ខែកក្កដា។
លោកថ្លែងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលតម្រូវឱ្យគ្រប់ប្រទេសទាំងអស់ និងគណបក្សនយោបាយទាំងអស់ជុំវិញពិភពលោកត្រូវរួមដៃគ្នាសម្រាប់មនុស្សជាតិ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «នៅពេលដែលវិបត្តិនៃជំងឺកូវីដ ១៩ ថមថយនាពេលខាងមុខការគិតគូរលើការងើបឡើងវិញនៃសង្គមសេដ្ឋកិច្ច គឺជាការណ៍មួយដ៏សំខាន់ដែលមិនអាចខ្វះបាន។ កិច្ចការនេះនឹងទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ក្នុងការលើកកម្ពស់សង្គមសេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ»។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះក្នុងការនាំយកនូវវិបុលភាព និងសុភមង្គលជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងតំបន់ក្នុងបរិបទនៃការងើបឡើងវិញនៃសង្គមសេដ្ឋកិច្ច ក្នុងអំឡុងពេល និងក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីថ្ងៃទី ៧ ខែកក្កដា ថា ទោះប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ក៏កម្ពុជាបានធ្វើអំណោយម៉ាស់មុខរាប់លានដល់បណ្ដាប្រទេសផ្សេងទៀតជាច្រើនក្នុងតំបន់ជាលក្ខណៈមនុស្សធម៌នៃសុខដុមរមនាលើពិភពលោក។
លោកបញ្ជាក់ថា៖ «ការសហការគ្នាពីគ្រប់មេដឹកនាំជុំវិញពិភពលោក និងក្នុងតំបន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ដើម្បីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ខ្ញុំគាំទ្រនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ព្រោះបើយើងមិនរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរុសកូរ៉ូណា យើងមិនអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញបានទេ លើសពីនេះទៅទៀតកម្មវិធីចាក់វ៉ាក់សាំងរហ័សផងដែរ»។
បើយោងតាមរបាយការណ៍ធនាគារពិភពលោកដែលចេញផ្សាយកាលពីខែមិថុនា ប្រទេសកម្ពុជាបានទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាប្រកបដោយជោគជ័យរហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២១។ វាស្ថិតក្នុងចំណោមបណ្ដាប្រទេសជាច្រើនមានករណីឆ្លងវីរុសកូរ៉ូណាតិចតួចបំផុតនៅអាស៊ី។ កម្ពុជាចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១។
ធនាគារពិភពលោកបន្តថា៖ «ជាការឆ្លើយតប អាជ្ញាធរបានបង្កើនទំនាក់ទំនងតាមដានតាមរយៈការកំណត់អត្តសញ្ញាណដែលអ្នកជំងឺកូវីដ ១៩ មានទំនាក់ទំនង ការបើកដំណើរការអគារធ្វើចត្តាឡីស័កថ្មីៗ បង្កើនចំនួនមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលកាន់តែកើនឡើង និងបានទិញសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងរថយន្តសង្គ្រោះបន្ទាន់បន្ថែមទៀត»។
លោកនាយករដ្ឋមន្ដ្រីក៏បានលើកឡើងកាលពីថ្ងៃទី ៦ ខែកក្កដាថា វ៉ាក់សាំងចំនួន ៤ លានដូសផ្សេងទៀតមកពីក្រុមហ៊ុន Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី ១០ ខែកក្កដា។ កាលពីខែសីហា លោកបានឱ្យដឹងថា កម្ពុជាគ្រោងនឹងទទួលវ៉ាក់សាំង ៤ លានដូសផ្សេងទៀត។ លោកបន្តថា៖ «ចំនួនវ៉ាក់សាំងដែលកម្ពុជាបានទទួលរួមមាននៅខែកក្កដា និងខែសីហា នឹងធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២០ លានដូសស្របនឹងផែនការរដ្ឋាភិបាល»។
គិតត្រឹមថ្ងៃទី ៥ ខែកក្កដា កម្ពុជាបានចាក់វ៉ាក់សាំងជិត ៤,៦ លាននាក់ដែលរួមទាំងជនបរទេស ស្មើនឹងជាង ៤៦ ភាគរយនៃចំនួន ១០ លាននាក់ដែលកំណត់ទិសដៅ នៅពេលនេះទិសដៅនេះជឿជាក់ថា នឹងសម្រេចបានត្រឹមខែតុលា ឬដើមខែវិច្ឆិកាឆ្នាំនេះ។
ធនាគារពិភពលោកកាលពីថ្ងៃទី ១៧ ខែមិថុនា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើន ៤,០ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះ ៣,១ ភាគរយកាលពីឆ្នាំ ២០២០ ដោយសារតែការចាប់ផ្ដើមការចាក់វ៉ាក់សាំងរហ័ស និងការស្ទុះងើបឡើងវិញតម្រូវការលើពិភពលោក។ ទោះយ៉ាងណាធនាគារមួយនេះក៏ផ្ដល់សេណារីយោធ្លាក់ចុះ ដែលយុទ្ធនាការចាក់វ៉ាក់សាំងខាតបង់សម្ទុះខ្លាំង ហើយអមដោយការបិទខ្ទប់ជាញឹកញាប់ និងរយៈពេលយូរទូទាំងប្រទេស។ ស្ថិតក្រោមសេណារីយោនេះ សេដ្ឋកិច្ចត្រូវព្យាករថា នឹងកើន ១,០ ភាគរយក្នុងឆ្នាំ ២០២១៕ LA