ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី «វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ដែលគេរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសក្តានុពលប្រទេសកម្ពុជាក្នុងការស្រូបទាញវិនិយោគិនក្នុង និងក្រៅប្រទេសឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការហើយក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom) នាព្រឹកថ្ងៃសុក្រ ទី ៩ ខែកក្កដា ឆ្នាំ ២០២១ នេះបានលើកឡើងថា សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ លោកបន្តថា កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ គឺជាសេចក្តីព្រាងច្បាប់ថ្មី ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។
លោកឱ្យដឹងទៀតថា ខ្លឹមសារសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់នេះ មានដូចជា ការបង្កើតរបបលើកទឹកចិត្តវិនិយោគ ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក ការផ្ទេរបច្ចេកវិទ្យា ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការផ្តល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅកម្ពុជា។
ជាមួយគ្នានេះសេចក្តីព្រាងច្បាប់នេះ ក៏មានចែងពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ ការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី ខេត្ត ការបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី ការកាត់បន្ថយបន្ទុកដល់វិនិយោគិនចំពោះកាតព្វកិច្ចនៃអនុលោមភាពច្បាប់ (ការចុះអធិការកិច្ចរបស់ក្រសួងស្ថាប័ន) ការបង្កើតរបបលើកទឹកចិត្តផ្នែកពន្ធ (ការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស)។ សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ជាដើម។
នៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក។
បើយោងតាម លោក ស៊ីផាន ការងារសិក្សាស្រាវជ្រាវ និងតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ ក. អ. ក ក៏បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀតជាច្រើនលើកច្រើនសា ដើម្បីធ្វើការប្រមូលធាតុចូល។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យឯកជនរំពឹងថា ច្បាប់វិនិយោគនេះនឹងឆាប់ចូលជាធរមាន ព្រោះច្បាប់នេះនឹងមានភាពបត់បែនស្របនឹងបរិបទថ្មីនៃការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។ ម្យ៉ាងទៀតវាក៏ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីវិបត្តិសុខភាពសកលជំងឺកូវីដ ១៩ ផងដែរ។
យោងតាមលោក លឹម ហេង កន្លងមកវិស័យឯកជនក៏ធ្លាប់បានចូលរួមផ្តល់ធាតុចូលនៅក្នុងសេចក្តីព្រាងច្បាប់នេះដែរ។
របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃ ១៧ ២១៥,៣៧ លានដុល្លារ កើន ១៦,៧២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ លានដុល្លារ៕