ទីក្រុងហាណូយៈ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) យល់ព្រមទម្លាក់កម្ចីរយៈពេលវែងដែលមានចំនួន ១០០ លានដុល្លារដល់ធនាគារ OCB របស់វៀតណាម ដើម្បីពង្រីកការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម និងបង្កើនការផ្តល់ហិរញ្ញវត្ថុដល់គម្រោងដែលគិតគួរដល់បរិស្ថាននៅប្រទេសវៀតណាម។
ការវិនិយោគរបស់ IFC នឹងជួយឲ្យធនាគារ OCB បង្កើនការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងប្រទេសវៀតណាម ដែលប្រឈមគម្លាតហិរញ្ញវត្ថុ ២១ ពាន់លានដុល្លារ ដែលស្មើនឹង ១១,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ ជាមួយការគាំទ្ររបស់ IFC ធនាគារ OCB រំពឹងថានឹងបង្កើនផលបត្រប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យមត្រឹមឆ្នាំ ២០២៤ ដោយលើកកម្ពស់កម្មវិធីធនាគារឌីជីថល និង អភិវឌ្ឍន៍ផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យ។
វិស័យខ្លះដែលសហគ្រាសខ្នាតតូច និងមធ្យមវៀតណាមកំពុងស្វែងរកការគាំទ្រហិរញ្ញវត្ថុរួមមាន ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និង ដំណោះស្រាយឆ្លើយតបអាកាសធាតុ ដែលអាចជួយពួកគេឲ្យរីកចម្រើនប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាស។
ការរួមចំណែកនាពេលបច្ចុប្បន្ននៃហិរញ្ញប្បទានអាកាសធាតុនៅក្នុងប្រទេសវៀតណាម មានត្រឹមប្រហែល ៥ ភាគរយ ឬក៏ ១០,៣ ពាន់លានដុល្លារ និងរំពឹងកើនឡើងយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ពេលដែលប្រទេសនេះមានបំណងកាត់បន្ថយការបំភាយឧស្ម័នត្រឹម ៩ ភាគរយត្រឹមឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ចំនួននេះបង្ហាញឱកាសវិនិយោគលើអាកាសធាតុឆ្លាតវៃចំនួន ៧៥៣ ពាន់លានដុល្លារសម្រាប់ប្រទេសវៀតណាមរវាងឆ្នាំ ២០១៦ និង ២០៣០។ យោងតាមការសិក្សារបស់ IFC។
ដើម្បីជួយដល់ធនាគារ OCB ទាក់ទាញសក្តានុពលប្រាក់កម្ចីធំ ទឹកប្រាក់ ៥០ លានដុល្លារនឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងភាតរៈបរិស្ថាន បង្កើតនូវជម្រើសថ្មីសម្រាប់អាជីវកម្ម ដើម្បីទទួលបានហិរញ្ញវត្ថុបៃតង។
ខណៈពេលដែលធនាគាររដ្ឋវៀតណាមកំពុងលើកកម្ពស់សេវាធនាគារបៃតងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទីផ្សារហិរញ្ញវត្ថុអាកាសធាតុនៅតែក្មេងខ្ចីនៅឡើយ ហើយធនាគារកំពុងតែពិចារណាវិធីសាស្ត្រជាប្រព័ន្ធសំដៅទៅរកអភិវឌ្ឍហិរញ្ញវត្ថុអាកាសធាតុ៕ VNS-ANN/RR