ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចប្តូរទីតាំងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ (ATF 2022) ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ ទៅធ្វើនៅក្រុងព្រះសីហនុវិញ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោក ហ៊ីងថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការកាលពីថ្ងៃទី ៨ ខែកក្កដា ឱ្យដឹងថា យោងតាមសំណើរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាយល់ព្រមឱ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ តាមការកំណត់ ដោយប្តូរទីតាំងទៅក្រុងព្រះសីហនុ។
បើតាមលិខិតខាងលើក្នុងកម្មវិធីនេះនឹងមានកម្មវិធីសំខាន់មួយចំនួនដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍អាស៊ាន (NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចដែលអាចគ្រប់គ្រងបាន។
វេទិកាទេសចរណ៍អាស៊ាន ២០២២ រំពឹងនឹងមានអ្នកចូលរួមជាង ២ ០០០ នាក់ មកពីជាង ២៥ ប្រទេស ព្រមទាំងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ថ្នាក់ដឹកនាំផ្នែកទេសចរណ៍ វិនិយោគិនជាតិ និងអន្តរជាតិ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានត្រៀមខ្លួនរួចហើយក្នុងការរៀបចំវេទិកាទេសចរណ៍នេះ។
លោកប្រាប់ថា៖ «អាជ្ញាធរបាននិងកំពុងបន្តរៀបហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់មួយចំនួន ត្រៀមរៀបចំកិច្ចវេទិកានេះ។ យើងនឹងមានកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ»។
លោក សុចិត្រគ្រឹះស្នា បានបន្ថែមថា កម្ពុជា គឺជាម្ចាស់ផ្ទះ ATF 2022 នេះនៅខេត្តព្រះសីហនុដែលជាតំបន់មានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច ហើយជាទីតាំងស័ក្តិសមសម្រាប់ការរៀបចំវេទិកាខ្នាតអន្តរជាតិបែបនេះ។
លោកអះអាងថា៖ «យើងអាចរៀបចំនៅក្រុងព្រះសីហនុបាន ព្រោះមានហេដ្ឋារចនាសម្ព័ន្ធល្អ សន្តិសុខល្អ និង មានស្តង់ដាសណ្ឋាគារល្អ»។ លោកបន្ថែមថា៖ «កិច្ចប្រជុំអន្តរជាតិដូចនេះនឹងឆ្លុះបញ្ចាំងអំពីចំណុចវិជ្ជមានពាក់ព័ន្ធនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងភាពរីកចម្រើននៃការអភិវឌ្ឍក្នុងខេត្ត។ យើងក៏អាចផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាឱ្យអន្តរជាតិបានដឹងកាន់តែច្បាស់»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ថា នេះជាឱកាសផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។ លោកស្រីប្រាប់ថា៖ «យើងនឹងយកវេទិកានេះដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា។ យើងបានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទីលើពិភពលោក»។
កាលពីពេលកន្លងទៅ វេទិកានេះគ្រោងនឹងរៀបចំពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារវិបត្តិជំងឺកូវីដ ១៩។
បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨១ វេទិកាទេសចរណ៍អាស៊ាន (AFT) គឺជាព្រឹត្តិការណ៍ដ៏ធំដែលប្រទេសជាសមាជិកអាស៊ានប្តូរវេនគ្នារៀបចំដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងធ្វើឱ្យតំបន់អាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញ៕ LA