ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ រយៈពេល ៥ ខែដើមឆ្នាំ ២០២១ មានតម្លៃប្រមាណ ៣៧៧ លានដុល្លារ កើនជាង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជាធ្លាក់ចុះតិចតួច និងការនាំចូលពីកូរ៉េកើនជាង ១០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២១ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៣៧៧,០៥ លានដុល្លារកើនឡើង ៦,១៧ ភាគរយពីចំនួន ៣៥៥,១១ លានដុល្លារ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ១៣៩,៤៦ លានដុល្លារ ធ្លាក់ចុះ ០,៤ ភាគរយពីចំនួន ១៤០,០៣ លានដុល្លារ និងការនាំចូលពីកូរ៉េ មាន ២៣៧,៥៩ លានដុល្លារកើនឡើង ១០,៥ ភាគរយពីចំនួន ២១៥,០៩ លានដុល្លារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែកក្កដាថា ការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងរយៈពេលខាងលើ គឺបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ប៉ុន្តែទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវខិតខំដើម្បីជំរុញការនាំចេញរបស់ខ្លួនទៅកូរ៉េឱ្យបានកាន់តែប្រសើរផងដែរ។
លោកបន្តថា ការធ្លាក់ចុះទឹកប្រាក់នាំចេញក្នុងរយៈពេលខាងលើ អាចមកកត្តាមួយចំនួនដូចជា តម្រូវការប្រើប្រាស់របស់ប្រជាជនកូរ៉េធ្លាក់ចុះ និងផលិតផលនាំចេញរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងការចង់បានរបស់អតិថិជននៅកូរ៉េ។
លោកអះអាងថា៖ «តាមរយៈទិន្នន័យនេះ គឺទាមទារឱ្យកម្ពុជាត្រូវសិក្សាបន្ថែមទៀតពីតម្រូវការទីផ្សារប្រទេសកូរ៉េ ហើយក៏ត្រូវតែធ្វើពិពិធកម្មការផលិតរបស់ខ្លួនឱ្យកាន់តែមានភាពសម្បូរបែបថែមទៀត»។
ទាក់ទងនឹងកំណើននៃការនាំចូល លោក វណ្ណៈ កត់សម្គាល់ថា ទំនោររបស់ប្រជាជនខ្មែរលើផលិតផលកូរ៉េកំពុងកើនឡើងជាបន្តបន្ទាប់ ពិសេសផលិតផលគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។
បើតាមលោក វណ្ណៈ ផលិតផលកម្ពុជាអាចនឹងមានសក្តានុពលខ្ពស់សម្រាប់ទីផ្សារកូរ៉េ ប្រសិនបើការដាំដុះ កែច្នៃ វេចខ្ចប់ និងស្តង់ដាអនាម័យស្របតាមការកំណត់របស់ភាគីកូរ៉េ។
ខណៈកម្ពុជា និងប្រទេសកូរ៉េបានបញ្ចប់ការចរចា ១០០ ភាគរយទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយគ្នាកាលពីដើមឆ្នាំ ២០២១ ហើយរដ្ឋាភិបាលទាំង ២ គ្រោងនឹងចុះហត្ថលេខារួមគ្នានៅចុងឆ្នាំនេះ លោក វណ្ណៈ បានប្រាប់ថា នៅពេលមាន FTA កម្ពុជានឹងអាចមានឱកាសទាក់ទាញវិនិយោគិនកូរ៉េកាន់តែច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា ដោយសារប្រទេសកម្ពុជាមានលក្ខណៈអំណោយផលច្រើនទាំងទីតាំងភូមិសាស្ត្រ កម្លាំងពលកម្មជំនាញ និងតម្លៃពលកម្មសមរម្យ។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង និយាយថា ការកើនឡើងទំហំទឹកប្រាក់នាំចូល និងធ្លាក់ចុះទឹកប្រាក់នាំទំនិញចេញរបស់កម្ពុជាអាច ដោយសារតម្រូវការនៅកូរ៉េធ្លាក់ចុះ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទាំង ២ កើតឡើងជាផ្លូវការ មានភាពវិជ្ជមាននៃទំហំទឹកប្រាក់នាំចេញ និងនាំចូលអាចនឹងមានកំណើនព្រមគ្នា។ លោកបន្ថែមថា FTA នឹងធ្វើឱ្យការនាំទំនិញពីកម្ពុជាទៅប្រទេសកូរ៉េ មានទំហំកាន់តែធំ ហើយសមត្ថភាពប្រកួតប្រជែងក៏នឹងកើនឡើងផងដែរ។
លោកប្រាប់ថា៖ «ការរៀបចំខ្លួនពីពេលនេះ ដើម្បីបង្កើនសមត្ថភាពនាំចេញទៅទីផ្សារកូរ៉េនៅពេល FTA ចូលជាធរមាន គឺជាការចាំបាច់»។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានចំនួន ៨៨៤,៨៨ លានដុល្លារក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ១៧,៧៧ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមាន ១ ០៣២ លានដុល្លារ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យនោះឱ្យដឹងទៀតថា កម្ពុជាបាននាំចេញទៅទីផ្សារកូរ៉េក្នុងតម្លៃជាង ៣១៧ លានដុល្លារធ្លាក់ចុះ ៥,៤ ភាគរយ ចំណែកការនាំចូលមកវិញមានជាង ៥៦៧ លានដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ៕ LA