ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដំណាក់កាលទី២ នៅខែក្រោយ បន្ទាប់ពីការចុះបញ្ជីតាមប្រព័ន្ធនេះទទួលបានជោគជ័យនៅដំណាក់កាលទី១ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។
ផែនការនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅដំណាក់កាលទី២ ដែលដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១២ ខែកក្កដា តាមប្រព័ន្ធអនឡាញ។
ក្រសួងស្ថាប័នដែលបានចូលរួមក្នុងកិច្ចប្រជុំរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
លោក ផាន់ ផល្លា ថ្លែងថា៖ «ការពិភាក្សានេះ គឺដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន មុនការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅដំណាក់កាលទី ២ នាពេលឆាប់ៗខាងមុខ»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០។ ក្រសួង និងស្ថាប័នរដ្ឋ ៦ ដែលចុះបញ្ជីក្នុងប្រព័ន្ធនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៣ ខែកក្កដាថា ក្រសួងបានត្រៀមរួចហើយក្នុងការដាក់បញ្ជូនទៅក្នុងប្រព័ន្ធ Single Portal សម្រាប់ដំណើរការដំណាក់ទី២ ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។
លោកប្រាប់ថា៖ «យើងបានបញ្ចប់ Single Portal របស់ក្រសួងខ្ញុំពី ៩០-៩៥ ភាគរយហើយ យើងត្រៀមរួចរាល់ហើយដើម្បីដាក់បញ្ជូនគ្នាសម្រាប់ដំណើរការដំណាក់កាលទី ២។ បើមិនមានការប្រែប្រួល ប្រហែលជាយើងអាចដាក់ឱ្យដំណើរការបាននៅចុងខែកក្កដា ឬដើមខែសីហាខាងមុខ»។
លោកបន្ថែមថា ការដាក់ឱ្យដំណើរការ Single Portal នេះជាផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការជួយសម្រួលដល់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំសូមឱ្យបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមទាំងអស់ឱ្យស្វែងយល់ពីសារប្រយោជន៍នៃការចុះបញ្ជីជាអាទិភាពដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល ហើយវានឹងបង្កលក្ខណៈងាយស្រួលដល់ការរកស៊ីជាដើម»។
បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានលក្ខណពិសេសដូចជា កាត់បន្ថយនីតិវិធីតាមរយៈការភ្ជាប់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងបង្កើតការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយនៅលើថ្នាលតែមួយ កាត់បន្ថយពេលមកត្រឹម ៨ ថ្ងៃនៃថ្ងៃធ្វើការ និងកាត់បន្ថយការចំណាយថវិកាប្រមាណ ៤០ ភាគរយបើធៀបនឹងនីតិវិធីចាស់។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ជាមួយនឹងកំណែទម្រង់លើនីតិវិធីចុះបញ្ជីនេះ ធុរជនមានភាពងាយស្រួលក្នុងការចុះបញ្ជីដែលអនុញ្ញាតឱ្យធុរកិច្ចមានអត្តសញ្ញាណត្រឹមត្រូវ និងស្របច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំឥណទានពីកម្មវិធីហិរញ្ញវត្ថុ ពិសេសពីរដ្ឋាភិបាលដែលជាវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩»។
ក្រុមហ៊ុនជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដែលមានទុនសរុប ២ ៦៣១ លានដុល្លារ គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១។
ក្នុងរយៈពេល ១ ឆ្នាំនេះ អាជីវកម្មចុះបញ្ជីត្រូវបានអនុម័តរួមមាន អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ៣៨,១១ ភាគរយ, សកម្មភាពអចលនវត្ថុ ១០,២៩ ភាគរយ, កម្មន្តសាល ៨,៥៨ ភាគរយ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ ៨,៤៧ ភាគរយ សកម្មភាពអាជីវកម្មវិជ្ជាជីវៈវិទ្យាសាស្ត្រ និងបច្ចេកទេស ៧,៦ ភាគរយ និងវិស័យផ្សេងៗទៀតមានចំនួន ២៧,៥៥% ភាគរយ៕ LA