ភ្នំពេញៈ លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្នុងនាមសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) កម្ពុជាបានប្ដេជ្ញាថា នឹងអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។
ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាសកលលោកចិន (FCGF) កាលពីថ្ងៃទី ១៣ ខែកក្កដា តាមប្រព័ន្ធវីដេអូដែលបានរៀបចំឡើងដោយសិង្ហបុរី ក្រោមប្រធានបទ FCGF 2021 «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិននៅក្នុង «ស្ថានភាពមិនធម្មតា»។
លោក សូរស័កិ្ត បានថ្លែងថា៖ «ពេលនេះយើងកំពុងស្វែងរកគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីពង្រឹង និងជួយសម្រួលលំហូរពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន និងលើកកម្ពស់បរិយាកាសអាជីវកម្មដែលរួមមានការស្វែងរកលទ្ធភាពនៃពិធីសារការធ្វើឱ្យប្រសើរឡើង ACFTA ដើម្បីផ្ដល់លទ្ធភាពចូលទីផ្សារនៅក្នុងស្ដង់ដាកាន់តែខ្ពស់ ការអភិវឌ្ឍកាន់តែទូលាយ និងការបើកចំហនៃ ACFTA»។
លោកកត់សម្គាល់ថា លើសពីនេះទៅទៀតជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង RCEP នៅពេលអនាគត វាគឺជាសក្ដានុពលដ៏ធំក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន-ចិនឱ្យកាន់តែធំ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ គឺមានភាពទូលំទូលាយ ហើយកិច្ចព្រមព្រៀងនេះក៏នឹងជួយកាត់បន្ថយការចំណាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន និងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងចង្វាក់ផ្គត់ផ្គង់ពិភពលោក សម្រាប់គ្រឿងអេឡិចត្រូនិក រថយន្ត និងវាយនភណ្ឌ។
លោកថ្លែងថា៖ «សម្រាប់ប្រទេសកម្ពុជាក្នុងនាមសមាជិករបស់កិច្ចព្រមព្រៀង FTA រវាងអាស៊ាន និងចិន យើងតែងតែប្ដេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា»។
FCGF ត្រូវបានរៀបចំទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រួមមានកម្មវិធីសំខាន់ៗដូចជា ការតាំងពិព័រណ៍អនឡាញ ការពិភាក្សាបិទទ្វារកម្រិតខ្ពស់ និងបណ្ដាញកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ។
លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តក្នុងប្រទេសនូវការកែទម្រង់មួយចំនួន ដើម្បីលើកកម្ពស់ និងជួយសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្ម ដូចជា ការចុះបញ្ជីអាជីវកម្មអនឡាញប្រព័ន្ធទូទាត់ពន្ធអនឡាញ ប្រព័ន្ធបំពេញកម្មសិទ្ធិបញ្ញា ប្រព័ន្ធឌីជីថលសម្រាប់ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ការចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងតារាងទិន្នន័យរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ទំហំប្រកបដោយចីរភាព។
ដោយឡែកក្នុងវិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលចិនបានយល់ព្រមលើការធ្វើពាណិជ្ជកម្មរូបិយប័ណ្ណប្រាក់រៀលនៅលើទីផ្សារអន្តរធនាគារនៃខេត្ត Guangxi Zhou និងរូបិយប័ណ្ណទាំង ២ ប្រាក់រៀល និងប្រាក់យន់ ត្រូវបានអនុញ្ញាតក្នុងការប្រើប្រាស់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងចិនតាំងពីឆ្នាំ ២០១៧។
លោករដ្ឋមន្ដ្រីកត់សម្គាល់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិនបានបន្តរីកចម្រើនជាលំដាប់ ដោយទំហំពាណិជ្ជកម្មសរុបរវាងអាស៊ាន និងប្រទេសចិន សម្រេចបានក្នុងទឹកប្រាក់ ៥០៧,៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ និងលំហូរការវិនិយោគផ្ទាល់បរទេស (FDI) ពីប្រទេសចិនមកតំបន់អាស៊ានមាន ៨,៩៧ ពាន់លានដុល្លារ៕ LA