
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ GDCE
ភ្នំពេញៈ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆមាសទី១ ឆ្នាំ ២០២១ សម្រេចបាន ១១៥៩,៥ លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ ២០២១ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៤ កក្កដា លោក គុណ ញឹម បានថ្លែងថា លទ្ធផលនៃការប្រមូលចំណូលក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ សម្រេចបាន ៤៩ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
លោកលើកឡើងថា បើគិតតាមប្រភេទពន្ធ និងអាករឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣៧,៨ ភាគរយនៃចំណូលសរុបអាករពិសេសមាន ៣៧,៦ ភាគរយ ពន្ធគយមាន ១៨,១ ភាគរយ អាករបន្ថែមលើផលិតផលប្រេង ៤,៥ ភាគរយ និងអាករនាំចេញ និងកម្រៃផ្សេងៗមាន ២ ភាគរយ។
ដោយឡែកបើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមាន ៤២,៣ ភាគរយ ទំនិញចម្រុះមាន ២៨ ភាគរយ ផលិតផលតេលសិលា (ប្រេងឥន្ធនៈ) ២៣,៥ ភាគរយ សម្ភារសំណង់ និងកម្រៃផ្សេងៗ ៦,២ ភាគរយ។
លោកឱ្យដឹងទៀតថា៖ «ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទដែលប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកកំពុងជួបប្រទះនឹងការរាតត្បាតកូវីដ ១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងបន្តពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយ និងរដ្ឋាករ។
លោកបន្ថែមថា៖ «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងបន្តការលើកកម្ពស់អនុលោមភាពវិស័យឯកជន ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្មដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ហើយការពង្រឹងការងារបង្ការ និងបង្ក្រាបអំពើរត់ពន្ធ ការពង្រឹងប្រសិទ្ធភាពការងារ និងការពង្រឹងការអនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មានជាដើម»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា លោក ហុង វណ្ណៈ ធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិនៅគ្រប់ប្រទេសធ្លាក់ចុះដូចៗគ្នា ហេតុនេះការប្រមូលចំណូលពន្ធ ពិសេសពន្ធគយគឺប្រាកដជាធ្លាក់ចុះដោយចៀសមិនផុត។
លោកបញ្ជាក់ថា៖ «នេះជាលក្ខណៈសត្យានុម័តដែលការប្រមូលចំណូលពន្ធគយរបស់ប្រទេសនីមួយៗធ្លាក់ចុះនៅក្នុងអំឡុងនេះ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ការប្រមូលចំណូលសម្រេចបាន ២ ៤១៩,៦ លានដុល្លារ ធ្លាក់ ២៤,៨ ភាគរយធៀបឆ្នាំ ២០១៩៕ LA