ភ្នំពេញៈ របាយការណ៍ថ្មីមួយរបស់យូអិនឌីភី (UNDP) បានរកឃើញថា ចំណូលក្នុងស្រុកកាន់តែក្លាយជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដែលស្មើនឹង ១៩% នៃផ.ស.ស ក្នុងឆ្នាំ ២០២០ និងបន្តកើនឡើងរហូតដល់ ២២,៥% ត្រឹមឆ្នាំ ២០២៥។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសផ្សព្វផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា «ការវាយតម្លៃលើធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា (DFA)» បានធ្វើការវិភាគលើសមាសភាគ និងនិន្នាការនៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិសម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ ការសិក្សាថ្មីនេះ ក៏បានប៉ាន់ប្រមាណពីការខាតបង់ដែលទំនងជាកើតមានចំពោះកម្ពុជាដោយសារវិបត្តិកូវីដ១៩ ផងដែរ។
របាយការណ៍នេះរកឃើញថា ចំណូលក្នុងស្រុកកាន់តែក្លាយជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺស្មើនឹង ១៩% នៃ ផ.ស.ស ក្នុងឆ្នាំ ២០២០ និងបន្តកើនឡើងរហូតដល់ ២២,៥% ត្រឹមឆ្នាំ ២០២៥។
ខណៈពេលដែលរំហូរជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៅតែមានកម្រិតគួរកត់សម្គាល់ ស្មើនឹងប្រមាណ ៧,៩% នៃផ.ស.ស ផ្នែកខ្លះនៃប្រភពហិរញ្ញប្បទាននេះ បានងាកទៅរកកម្ចីវិញពោលគឺកម្ចីដែលពុំសូវមានលក្ខណៈសម្បទានដូចកាលពីមុន។
ជំងឺកូវីដ១៩ នាំឱ្យមានការខាតបង់រំហូរហិរញ្ញប្បទានសរុបប្រមាណ ៣,៦ ពាន់លានដុល្លារស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ ២០២០។
ប្រភពហិរញ្ញប្បទានដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើនវានុវត្តន៍គោលនយោបាយហិរញ្ញប្បទាន ដើម្បីបង្កើនសមត្ថភាពរបស់រដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងធានាឱ្យមានការបន្តរំហូរមូលធនឯកជន ក្នុងកម្រិតខ្ពស់។ ដូច្នេះ គួរមានការសិក្សាបន្ថែមពីជម្រើសផ្សេងទៀតនៃយន្តការហិរញ្ញប្បទានបៃតងដែលអាចយកមកប្រើប្រាស់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលមានការបង្កើតជាម៉ូដែល ដើម្បីបង្ហាញឱ្យឃើញពីរូបភាពពេញលេញនៃរំហូរចូលហិរញ្ញវត្ថុ ដែលគេរំពឹងថានឹងទទួលបានពីគ្រប់ប្រភពទាំងអស់សម្រាប់កម្ពុជា ជាមួយនឹងភាពជាក់លាក់បែបនេះ។ នៅពេលដែលយើងអាចសម្រួលការរឹតត្បិត ដោយសារជំងឺកូវីដ១៩ គេរំពឹងថា រំហូរធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នឹងមានកំណើនខ្ពស់។ ក្នុងចំណោមរំហូរទាំងនេះ ប្រភពហិរញ្ញប្បទានពីក្នុងស្រុក កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ។
លោកបន្ថែមថា៖ «ព្រះរាជាណាចក្រកម្ពុជា អាចងើបចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងទសវត្សរ៍ ២០២០។ ពេលនេះហើយ ជាពេលវេលាដែលត្រូវត្រៀមប្រភពហិរញ្ញប្បទានថ្មីៗ ដូចដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរបាយការណ៍នេះ។ ឧទាហរណ៍ ការមានលទ្ធភាពចេញសញ្ញាប័ណ្ណជាប្រាក់រៀល គឺជាជម្រើសមួយដែលកំពុងត្រូវបានយកមកធ្វើការពិចារណា ហើយក៏ជាជម្រើសដែលទទួលបានការគាំទ្រខ្លាំងក្លាពី UNDP ផងដែរ»។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងផ្សព្វផ្សាយផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលនឹងប្រើប្រាស់ហិរញ្ញប្បទានពីថវិការជាតិ និងពិចារណាកៀរគរប្រភពហិរញ្ញប្បទានផ្សេងទៀតផងដែរ។របាយការណ៍នេះផ្តល់ឲ្យនូវគំនិតបន្ថែមពីជម្រើសប្រភពហិរញ្ញប្បទានដទៃទៀត។
លោក សីលវ៉ា ក៏បានស្វាគមន៍អនុសាសន៍គោលនយោបាយដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ DFA នេះផងដែរ។
លោកបន្ថែមថា៖ «ការផ្ដល់អនុសាសន៍គោលនយោបាយឈរលើភ័ស្តុតាងដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាការរួមវិភាគទានបន្ថែមទៀតរបស់ UNDP»៕