ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ នឹងជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីបេក្ខភាពចូលរួមប្រកួតប្រជែងកម្មវិធី «ទេសចរណ៍ឆ្នើម ឬ Best Tourist Village» ដែលរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានផ្សាយកាលពីថ្ងៃទី១៦ កក្កដា។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១៣ កក្កដា បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យក្រសួង ពាណិជ្ជកម្ម សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរ រាជធានី ខេត្ត និងភាគីពាក់ព័ន្ធផ្សេងៗទៀត ធ្វើការជ្រើសរើសភូមិទេសចរណ៍ឆ្នើមចំនួន ៣ ដើម្បីដាក់ជាបេក្ខភាពក្នុងកម្មវិធីប្រឡងប្រណាំង «ភូមិទេសចរណ៍ឆ្នើម» ដែលផ្តួចផ្តើមឡើងដោយអង្គការទេចរណ៍ពិភពលោក (UNWTO)។
លិខិតនេះបានឱ្យដឹងទៀតថា បញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាតដែលក្រសួងទេសចរណ៍បាននិងកំពុងដឹកនាំដើម្បីងាយស្រួលអនុវត្តនិងត្រួតពិនិត្យ។
សេចក្តីសម្រេចនេះ យោងទៅតាមលិខិតលេខ ៤១៦លស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ របស់ក្រសួងទេសចរណ៍និងចំណាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចុះថ្ងៃទី ៨ ខែកក្កដា។
កាលពីខែមុន លោក Zurab Pololikashvili អគ្គលេខាធិការ UNWTO បានអញ្ជើញរដ្ឋជាសមាជិកទាំងអស់ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍សម្រាប់ការអភិវឌ្ឍជនបទដែលបង្ហាញពីគំនិតផ្តួចផ្តើមភូមិទេសចរណ៍ល្អបំផុត។
លោកបង្ហាញថា ៖«ភូមិទេសចរណ៍ឆ្នើមគឺជាភូមិមួយដែលមានធនធានធម្មជាតិ និងវប្បធម៌យ៉ាងសម្បើម និងភូមិមួយប្តេជ្ញាលើកកម្ពស់ និងអភិរក្សធម្មជាតិ និងវប្បធម៌។ ភូមិមួយដែលមានចក្ខុវិស័យទេសចរណ៍សម្រាប់ជាឧបករណ៍មួយដែលមានការចូលរួមអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ភូមិមួយដែលឱ្យតម្លៃលើម្ហូបអាហារប្រពៃណី សិប្បកម្ម និង ប្រជាជនរបស់ខ្លួន និងភូមិទេសចរណ៍ធ្វើការដើម្បីសុខុមាលភាពរបស់អ្នកស្រុកនិងអ្នកទស្សនា»។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំចូលរួមប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម» របស់ UNWTO បានពន្យាររហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២១។
ភូមិដែលត្រូវបានជ្រើសរើសនឹងត្រូវប្រកាសនៅខែតុលា ឆ្នាំ ២០២១ ក្នុងឱកាសនៃសម័យប្រជុំលើកទី ២៤ នៃមហាសន្និបាត UNWTO នៅទីក្រុង ម៉ារ៉ាខាស ប្រទេស ម៉ារ៉ុក៕