ភ្នំពេញៈ រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៩ ខែកក្កដា បានចាប់ផ្ដើមធ្វើការពិគ្រោះយោបល់លើច្បាប់ពាណិជ្ជកម្មថ្មីក្នុងគោលបំណង ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបរួមមានទាំងកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ តាមរយៈកម្មវិធីនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ផែនការពាណិជ្ជកម្មបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) របស់ចក្រភពអង់គ្លេស គឺជាឱកាសល្អមួយក្នុងការធ្វើឱ្យរីកចម្រើនការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌ជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា។
សេចក្ដីប្រកាសព័ត៌មាននេះបន្តថា ផែនការដែលលើកឡើងនេះនឹងអនុវត្តចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧០ នៅពេលបច្ចុប្បន្ន និងរួមទាំងការកែលម្អដូចជា ពន្ធនាំចូលកាន់តែទាប និងច្បាប់នៃលក្ខខណ្ឌតម្រូវប្រភពដើមកាន់តែងាយស្រួលសម្រាប់ប្រទេសជាច្រើន ដែលនាំចេញទំនិញទៅចក្រភពអង់គ្លេសអាចឱ្យប្រទេសទាំងនោះធ្វើពិពិធកម្មការនាំចេញ និងធ្វើឱ្យសេដ្ឋកិច្ចពួកគេរីកចម្រើន។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ផែនការ DCTS ដែលលើកឡើងនេះផ្ដល់សញ្ញាថា តម្រូវការរបស់ចក្រភពអង់គ្លេសនឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌ ព្រមទាំងបង្ហាញការប្ដេជ្ញាចិត្តចំពោះកម្ពុជា តាមរយៈការជំរុញក្រុមហ៊ុនកម្ពុជាចូលទៅទីផ្សារចក្រភពអង់គ្លេសបានយ៉ាងងាយស្រួល។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមជំរុញឱ្យប្រជាជននៅក្នុងប្រទេសកម្ពុជា រួមចំណែកដល់ការពិគ្រោះយោបល់ដ៏សំខាន់នេះ ដែលនឹងបើកចំហដល់អ្នកទាំងអស់គ្នា»។
រដ្ឋាភិបាលចក្រភពអង់គ្លេសចង់ឱ្យផែនការថ្មីរបស់ខ្លួនក្លាយជាផែនការដ៏ល្អ និងបានសិក្សាពីកម្មវិធីជាច្រើននៅប្រទេសកាណាដា អាមេរិក ជប៉ុន និងអឺរ៉ុប មុនឈានដល់ការបង្កើតវិធីសាស្ដ្រមួយដែលត្រូវការធាតុផ្សំដ៏រឹងមាំបំផុតរបស់ប្រទេសនីមួយៗ និងបង្កើតវិធីសាស្ដ្រទាំងនោះឡើង។
ការពិគ្រោះយោបល់លើផែនការថ្មីរបស់ចក្រភពអង់គ្លេស ដំណើរការរយៈពេល ៨ សប្ដាហ៍ និងស្វែងរកការពិនិត្យមើលគ្រប់វិស័យទាំងអស់ដែលរួមមាន ក្រុមហ៊ុន សាធារណជន ក្រុមសង្គមស៊ីវិល អតិថិជន សមាគម ដៃគូ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធដែលចាប់អារម្មណ៍ផ្សេងទៀត។
ផែនការពាណិជ្ជកម្មបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសនឹងអនុវត្តចំពោះប្រទេសចំនួន ៤៧ ក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCF) និងបណ្ដាប្រទេស ២៣ បន្ថែមទៀតដែលត្រូវចាត់ថ្នាក់ដោយធនាគារពិភពលោក ជាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នេះគឺជាប្រព័ន្ធអនុគ្រោះថ្មីមួយដែលគេទើបនឹងដាក់ឱ្យពិភាក្សាគ្នា ប៉ុន្តែកម្ពុជាទទួលស្វាគមន៍នូវរាល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទាំងឡាយណាដែលផ្តល់ប្រយោជន៍សម្រាប់ការពង្រីកទីផ្សារ និងការនាំចេញទំនិញរបស់កម្ពុជា។
លោកថ្លែងថា៖ «បើប្រព័ន្ធអនុគ្រោះថ្មីនេះ វាមានលក្ខណៈងាយស្រួលជាងការអនុវត្តក្រោមប្រព័ន្ធអនុគ្រោះចាស់ GSP របស់អង់គ្លេស យើងស្វាគមន៍ ហើយយើងគិតថា នឹងមានឱកាសច្រើនក្នុងការពង្រីកទីផ្សាររបស់យើងទៅកាន់ចក្រភពអង់គ្លេស»។
លោកបានបន្ថែមថា សព្វថ្ងៃកម្ពុជាទទួលបានភាពអនុគ្រោះពាណិជ្ជកម្មរួចហើយគឺប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP របស់ចក្រភពអង់គ្លេសដែលផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍តិចតួច (LDC) ដែលប្រព័ន្ធនេះតម្លៃស្មើនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមអឺរ៉ុបដែរ។
លោកឱ្យដឹងទៀតថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាលំដាប់ជាក់ស្តែងក្នុងរយៈពេល ៥ ខែដើម ២០២១ នេះពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃ ២៥៨,៤៥ លានដុល្លារក្នុងនោះ កម្ពុជានាំចេញទៅចក្រភពអង់គ្លេស ២៣៩,៧៣ លានដុល្លារ ខណៈកម្ពុជានាំចូល ១៨,១៧ លានដុល្លារ៕LA