ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌផ្សេងទៀតក្នុងតម្លៃជាង ៤,៧ ពាន់លានដុល្លារកាលពីឆមាសទី ១ ឆ្នាំ ២០២១ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលកាត់ដេរពីកម្ពុជាក្នុងឆមាសទី ១ ឆ្នាំនេះ មានទឹកប្រាក់ ៤ ៧២១,៤ លានដុល្លារ កើនប្រមាណ ៤០,១ លានដុល្លារ ស្មើនឹង ០,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ-កម្ពុជា (GMAC) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទីផ្សារវាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាទីផ្សារកើនឡើងរហ័ស ដោយសារតែកំណើនរបស់ប្រជាជន និងអ្នកមានទ្រព្យសម្បត្តិច្រើនកើនឡើងជាបន្តបន្ទាប់។
ទោះបីយ៉ាងណា ទីផ្សារលក់រាយបានផ្លាស់ប្តូរពី «ការផលិតក្នុងចំនួនច្រើន» ទៅជា «ក្រុមតូចៗដែលមានវដ្ដជីវិតរយៈពេលខ្លី ការផលិតម៉ូដទាន់សម័យរហ័ស» និងស្ថិតក្រោមសម្ពាធរបស់អតិថិជន ព្រមទាំងការកើនឡើងការទិញទំនិញតាមអនឡាញ ជាដើម។
លោកនិយាយថា៖ «នៅឆ្នាំនេះយើងសំណាងដោយទទួលបានការបញ្ជាទិញមួយចំនួនពីប្រទេសមីយ៉ាន់ម៉ា។ យើងនឹងមានកំណើនកាន់តែច្រើន បើមិនមានការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់ថា វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងវិបត្តិជំងឺកូវីដ ១៩ ធ្ងន់ធ្ងរនៅប្រទេសបង់ក្លាដែសបាននាំឱ្យអ្នកបញ្ជាទិញបង្វែរការកុម្ម៉ង់ទំនិញពីកម្ពុជាជំនួស។ មីយ៉ាន់ម៉ា និងបង់ក្លាដែស គឺដៃគូប្រកួតប្រជែងដ៏មានសក្តានុពលរបស់កម្ពុជាលើវិស័យកាត់ដេរ។
លោកប្រាប់ថា៖ «នេះជាមូលហេតុធ្វើឱ្យកំណើននៃការនាំចេញវិស័យកាត់ដេរកើនឡើង ជាពិសេសបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប អាមេរិក និងចក្រភពអង់គ្លេស។ ខ្ញុំជឿថា នាពេលអនាគតវិស័យកាត់ដេរនឹងនៅដើរល្អសម្រាប់កម្ពុជា»។
ប្រទេសចិន គឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏ចម្បងរបស់កម្ពុជាសម្រាប់បម្រើក្នុងវិស័យកាត់ដេរ និងស្បែកជើង។ កម្ពុជាបាននាំចូលប្រហែល ៦០ ភាគរយនៃវត្ថុធាតុដើមពីប្រទេសចិនសម្រាប់ការផលិត និងការនាំចេញ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្មីនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាននិយាយថា ចិនបានជួយកម្ពុជាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ដោយបានពុះពាររាល់ការលំបាកក្នុងការធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដល់កម្ពុជា។
លោកថ្លែងថា៖ «ភាគីចិនរីករាយបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយកម្ពុជាលើគ្រប់វិស័យ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឱ្យមានភាពរស់រវើកឡើងវិញ»។
ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២០ សម្រេចបាន ១៧ ២១៥,៣៧ លានដុល្លារ កើនឡើង ១៦,៧២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ១៤ ៧៤៨,៧៤ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម៕ LA