ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួនជាង ៣៦ ម៉ឺនគណនីដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៥,៥ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២១។
សេចក្តីប្រកាសព័ត៌មានស្តីពីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានរៀបចំឥណទានឡើងវិញចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ២២,២ ទ្រីលានរៀល (៥,៥ ពាន់លានដុល្លារ) នៅក្នុងឆមាសទី១ ឆ្នាំ ២០២១។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រឹះស្ថានហិរញ្ញវត្ថុទាំង ១១៤ (រួមទាំងធនាគារ ៤) ដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនចំនួន ៣៤៨ ០៩៤ នាក់ ក្នុងទំហំឥណទានជាង ១ ៦៦៤ លានដុល្លារគិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំនេះ។ ការផ្តល់ជូននេះបានមកពីអតិថិជនស្នើរៀបចំឥណទានឡើងវិញសរុប ១៦៩ ៣៤៤ នាក់ក្នុងទំហំឥណទានសរុប ១ ៧៩៥ លានដុល្លារ។
លោក តុងងី ឱ្យដឹងទៀតថា នាដើមឆ្នាំ ២០២១ ការស្នើសុំរៀបចំឥណទានឡើងវិញមានចំនួនក្រោម ១ ពាន់នាក់ក្នុង ១ សប្តាហ៍ ប៉ុន្តែវាបានស្ទុះហក់ឡើងខ្លាំងក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយឡើងខ្ពស់បំផុតនៅក្នុងខែឧសភា ដោយការស្នើសុំឡើងដល់ជិត ១ ម៉ឺននាក់ក្នុង ១ សប្តាហ៍ ហើយចំនួននេះបានចាប់ផ្តើមថយចុះវិញក្នុងខែបន្តបន្ទាប់មកត្រឹមប្រមាណ ២ ពាន់នាក់ក្នុងសប្តាហ៍ចុងក្រោយនេះ។
លោកបន្ថែមថា ទោះយ៉ាងណា ការឡើងខ្លាំងក្នុងឆ្នាំនេះគឺនៅទាបជាងឆ្នាំមុនច្រើន ដែលពេលនោះក្នុងអំឡុងខែមេសា-ឧសភា ការស្នើសុំបានឡើងដល់ ២ ម៉ឺននាក់ក្នុង ១ សប្តាហ៍។
លោកប្រាប់ថា៖ «ការរៀបចំឥណទានឡើងវិញបានសម្រាលបន្ទុកសម្ពាធសាច់ប្រាក់ និងការបង់ត្រឡប់របស់អតិថិជនដែលរងផលប៉ះពាល់កម្រិតធ្ងន់ និងមធ្យម ដោយជួយឱ្យគាត់នៅតែបន្តមុខរបរជាធម្មតា»។
លោកបន្តថា៖ «ការបង់សងប្រចាំខែតិចជាងមុន ឬផ្អាកទាំងស្រុងមួយរយៈ ព្រមទាំងមិនមានផលប៉ះពាល់ប្រវត្តិឥណទានគាត់នៅការិយាល័យឥណទានកម្ពុជា (CBC)។ ក្នុងករណីភាគច្រើនអតិថិជនជ្រើសយកជម្រើសបង់តែការប្រាក់រយៈពេល ៣-៦ ខែ ពន្យាររយៈពេលឥណទានឱ្យវែងជាងមុន ឬករណីធ្ងន់ធ្ងរ គឺផ្អាកបង់ទាំងការប្រាក់ទាំងដើមរយៈពេលពេល ៣-៦ ខែ។
ដោយឡែកចាប់ពីខែមេសាមកវិស័យហិរញ្ញវត្ថុទាំងមូលក៏បានដាក់ចេញនូវអន្តរាគមន៍បន្ថែម ដើម្បីជួយសម្រាលបន្ទុកអ្នករងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដូចជាអ្នកជាប់កាតព្វកិច្ចចត្តាឡីស័ក អ្នកជំងឺ និងគ្រួសារដែលមានសមាជិកបាត់បង់ជីវិតជាដើម។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានឱ្យដឹងថា ប្រាសាក់បាននិងកំពុងអនុវត្តតាមសេចក្តីណែនាំនានារបស់ NBC ក្នុងការសម្រាលបន្ទុក និងអនុគ្រោះដល់អតិថិជនដែលកំពុងមានការលំបាក។
លោកនិយាយថា៖ «ដូចនេះយើងនឹងពិនិត្យសំណើរបស់អតិថិជនតាមលទ្ធភាព និងគោលការណ៍ជាក់ស្តែង។ យើងសង្ឃឹមថានឹងមានការថយចុះនៅក្នុងឆមាសទី ២ បើអត្រាឆ្លងថយចុះ និងយុទ្ធនាការចាក់វ៉ាកសាំងត្រូវបានបញ្ចប់ ព្រមទាំងការយកចិត្តទុកដាក់អនុវត្តវិធាន ៣ការពារ ៣កុំ ដូចនេះអាជីវកម្មទាំងអស់នឹងចាប់ផ្តើមឡើងវិញ»។
ចំនួននៃការរៀបចំឥណទានឡើងវិញនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ ៤,២ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចាប់តាំងពីវិធានការនេះត្រូវបានប្រកាសកាលពីចុងខែមីនា ឆ្នាំ ២០២០ ដើម្បីបន្ធូរបន្ថយបន្ទុកអ្នកខ្ចីប្រាក់ក្នុងវិស័យសំខាន់ៗចំនួន ៤ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ ១៩៕ LA