ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ ខែកក្កដា ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ត្រូវដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនសរុបចំនួន ៤៤ រូប។
សេចក្តីសម្រេចនេះបានឱ្យដឹងថា ក្រុមការងារនេះមានតួនាទី និងភារកិច្ចក្នុងការដឹកនាំ ចាត់ចែង និងតាមដាន ត្រួតពិនិត្យការអនុវត្តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩។ ក្រុមនេះក៏មានភារកិច្ចធ្វើរបាយការណ៍វឌ្ឍនភាពការងារជូនរដ្ឋាភិបាល និងទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។
សេចក្តីសម្រេចនេះបន្ថែមថា ក្រុមការងារនេះមានសិទ្ធិប្រើប្រាស់ថវិកាជាតិ និងជំនួយផ្សេងៗពីដៃគូអភិវឌ្ឍន៍ និងប្រភពស្របច្បាប់ផ្សេងទៀត ហើយក្រុមការងារនេះក៏មានសិទ្ធិប្រើត្រាក្រសួងទេសចរណ៍ ដើម្បីដំណើរការការងាររបស់ខ្លួនតាមការចាំបាច់។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមការងារនេះមានតួនាទីយ៉ាងសំខាន់ក្នុងការចាត់ចែងអនុវត្តតាមផែនទីចង្អុលផ្លូវរបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ សម្រាប់ការលើកស្ទួយ និងស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ចំណុចសំខាន់របស់ក្រុមការងារនេះគឺការលើកស្ទួយ និងគាំពារដល់សហគ្រាស និងការងារក្នុងវិស័យទេសចរណ៍ដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ ១៩ និងលើកកម្ពស់ទីផ្សារទេសចរណ៍កម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការពង្រឹងអភិបាលកិច្ចទេសចរណ៍ គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងពង្រឹងសមត្ថភាពទេសចរណ៍»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ដែលជាសមាជិក ១ រូប ក្នុងក្រុមការងារនេះបានឱ្យដឹងថា វិស័យឯកជននឹងគាំទ្ររដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ការកសាងគោលនយោបាយអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍។
អ្នកស្រីប្រាប់ថា៖ «ក្នុងនាមយើងជាប្រតិបត្តិករវិស័យទេសចរណ៍យើងនឹងផ្តល់ធាតុចូលទៅរាជរដ្ឋាភិបាល ហើយយើងក៏ចូលរួមផ្សព្វផ្សាយ ស្វែងរកដៃគូអភិវឌ្ឍន៍តាមរយៈការផ្គូផ្គង់ប្រតិបត្តិករក្នុងស្រុកជាមួយបណ្តាប្រតិបត្តិករទេសចរណ៍ក្នុងតំបន់អាស៊ាន និងសហគមន៍អឺរ៉ុបជាដើម»។
ស្ថិតិទេសចរណ៍ឆ្នាំ ២០២០ បង្ហាញថា វិបត្តិជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍នៅកម្ពុជា ដោយប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិដែលកម្ពុជាទទួលបានក្នុងឆ្នាំ ២០២០ មានត្រឹម ១,០២៣ ពាន់លានដុល្លារធ្លាក់ចុះ ៧៩,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមាន ៤,៩១៩ ពាន់លានដុល្លារ។
ចំណែកភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានចំនួន ១,៣១ លាននាក់ថយ ៨០,២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦,៦១ លាននាក់៕ LA