ភ្នំពេញៈ ប្រទេសកម្ពុជា និងចិន បានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនពី ៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ ឱ្យដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី ២ នៅក្រោមមូលបទ «ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន» កាលពីថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុង Beijing ប្រទេសចិន។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងវេទិកានេះថា ភាគីចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលទ្ធផលលើសការរំពឹងទុក។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយលើសការរំពឹងទុក។
លោកបន្តថា ទោះជាក្នុងស្ថានភាពនៃការរីករាលដាលវីរុសកូវីដ ១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ សម្រេចបានជាង ៨ ពាន់លានដុល្លារ (ឆ្នាំ ២០២០) ហើយរំពឹងថានឹងកើនដល់ ចំនួន ១០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
លោកលើកឡើងថា៖ «ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក»។
ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ ២០២០ កន្លងមក ដោយរំពឹងថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅដើមឆ្នាំ ២០២២។
លោក Huang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការកណ្តាល CPC បានថ្លែងក្នុងវេទិកានេះថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជានៃទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅបន្តធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នេះបើតាមសារព័ត៌មានចិន Xinhua។
លោកថ្លែងទៀតថា៖ «[យើង] បន្តគាំទ្រពហុភាគីនិយម ហើយបន្តការជំរុញមិត្តភាពប្រពៃណីចិន-កម្ពុជា និងជំរុញការកសាងបន្ថែមទៀតនៃសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា»។
នៅក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ៣,៩ ពាន់លានដុល្លារ កើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន Global Times៕ LA