ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) បានប្តេជ្ញាក្នុងការជួយដោះស្រាយបញ្ហានានា ដែលវិនិយោគិនជប៉ុនបានលើកឡើង ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការអាជីវកម្ម និងការវិនិយោគរបស់ពួកគេនៅកម្ពុជាអាចដំណើរការទៅដោយរលូន។
ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ២៧ ខែកក្កដា តាមប្រព័ន្ធអនឡាញ រវាងលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក KAWAIDA Hiromitsu នាយកគណៈកម្មការផ្នែកពន្ធដារនៃសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា (JBAC)។
សេចក្តីប្រកាសព័ត៌មានរបស់ GDT ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងគោលបំណង ពិភាក្សា ដោះស្រាយនូវបញ្ហាប្រឈម បំភ្លឺ និងពន្យល់បន្ថែមអំពីចំណុចមួយចំនួនលើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារកម្ពុជា ដែលសមាគមពាណិជ្ជកម្មជប៉ុនកំពុងជួបប្រទះនៅក្នុងសកម្មភាពអាជីវកម្ម ព្រមទាំងពង្រឹងតម្លាភាពនៅក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីជំរុញការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
លោក អេង រតនា បានលើកឡើងថា អគ្គនាយដ្ឋានពន្ធដារកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពន្យល់ និងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសមាគមផ្សេងៗក៏ដូចជាវិស័យឯកជនពាក់ព័ន្ធក្នុងន័យដើម្បីពង្រឹងការផ្តល់សេវាល្អជូនដល់អ្នកជាប់ពន្ធ និងសាធារណជន។
ជាក់ស្តែងបើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ក៏អគ្គនាយកដ្ឋានពន្ធដារនៅតែព្យាយាមជួបពិភាក្សាជាមួយសមាគមពាណិជ្ជកម្មជប៉ុន ដើម្បីជួយសម្របសម្រួល ឬដោះស្រាយបញ្ហាបានទាន់ពេលវេលាក្នុងករណីដែល JBAC ជួបនឹងបញ្ហាណាមួយ។ លោកបន្តថា ជាមួយគ្នានេះ GDT ក៏នឹងបន្តផ្តល់នូវបច្ចុប្បន្នភាពនៃច្បាប់បទប្បញ្ញត្តិថ្មីៗដល់វិនិយោគិនជប៉ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់វិនិយោគិនជប៉ុនដែលកន្លងមកតែងតែព្យាយាមស្វែងយល់អំពីច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក៏ដូចជាមានឆន្ទៈខ្ពស់ក្នុងការចូលរួមគោរពច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អប្រសើរ»។
GDT ក៏បានប្រកាសទទួលយកនូវរាល់ធាតុចូលថ្មីៗ និងសំណូមពររបស់ JBAC ដើម្បីយកមកធ្វើជាមូលដ្ឋានសិក្សាស្វែងយល់ និងពិចារណាលើការកែលម្អក្នុងករណីចាំបាច់ និងខិតខំអស់ពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនអ្នកវិនិយោគជប៉ុន ក៏ដូចជាវិនិយោគិនឯកជនផ្សេងៗទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ឱ្យដឹងថា វិនិយោគិនជប៉ុនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅកម្ពុជាបានកើនឡើងយ៉ាងរហ័សនារយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ។ គិតត្រឹមដើមឆ្នាំ ២០២១ មានវិនិយោគិនជប៉ុនប្រមាណជាង ១ ៥០០ នាក់កំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៨ មានគម្រោងវិនិយោគជប៉ុន ១៣៧ នៅកម្ពុជាដោយមានទុនវិនិយោគសរុប ២ ៤៨៦ លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានតម្លៃសរុប ៩៦៣,៩១ លានដុល្លារកើន ៨,៨៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃ ៨៨៥,៦៧ លានដុល្លារ៕ LA