ភ្នំពេញៈ កម្ពុជា និងរុស្ស៊ីសន្យានឹងសិក្សាលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជំរុញ និងលើកកម្ពស់គម្រោងវិនិយោគរួមគ្នារវាងប្រទេសទាំង ២។ នេះបើតាមសភាពាណិជ្ជកម្ម។
ការសន្យាគ្នានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងកម្ពុជា និងរុស្ស៊ីស្តីពីបេសកកម្មធុរកិច្ចលើកទី ១ របស់រុស្ស៊ីមកកម្ពុជាតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ក្រោមអធិបតីភាពលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ព្រមទាំងមានការចូលរួមពីធុរជន និងវិនិយោគិនប្រទេសទាំង ២ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ២៥០ នាក់។
កម្មវិធីនេះប្រព្រឹត្តទៅស្របពេលប្រទេសទាំង ២ ប្រារព្ធខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជារុស្ស៊ី។
សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មបានឱ្យដឹងថាកិច្ចប្រជុំនេះពិភាក្សាផ្តោតលើវិស័យសំខាន់ៗចំនួន ៣ គឺវិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពអ៊ិនធឺណិតបច្ចេកវិទ្យាឌីជីថលវិស័យឧស្សាហកម្ម និងវិស័យថាមពល។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ធុរជនប្រទេសទាំង ២ នឹងសិក្សាពីលទ្ធភាពការធ្វើកិច្ចសហប្រតិបត្តិការជំរុញ និងលើកកម្ពស់គម្រោងវិនិយោគរួមគ្នា»។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះថាប្រទេសទាំង ២ គឺជាដៃគូយូរអង្វែង និងមានចំណងទំនាក់ទំនងជាមិត្តជិតស្និទ្ធតាំងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ដោយថ្នាក់ដឹកនាំប្រទេសទាំង ២ ជាបន្តបន្ទាប់។
លោក គិត ម៉ែង ក៏ជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងបន្តថា សភាពាណិជ្ជកម្មបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ីក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។
លោកថ្លែងទៀតថា៖ «ស្វាគមន៍កក់ក្តៅចំពោះធុរជន និងវិនិយោគិនរុស្ស៊ីទាំងអស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គិតមកដល់ពេលនេះ សភាពាណិជ្ជកម្មបានរៀបចំជំនួបពាណិជ្ជកម្ម និងកម្មវិធីជំរុញការវិនិយោគជាមួយប្រទេសរុស្ស៊ីលើវិស័យផ្សេងៗជាច្រើន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress នៅឆ្នាំ ២០១៥។
កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ីនៅឆ្នាំ ២០១៦ និងអនុស្សរណៈយោគយល់គ្នាជាមួយសមាគមស៊ីប៊េរីសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវប្បធម៌ឆ្នាំ ២០១៥៕