ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែ Renaissance Minerals (Cambodia) Ltd បានផលិតមាសប្រមាណ ១៣៧ គីឡូក្រាម បន្ទាប់ពីរយៈពេល ១ ខែ ដែលក្រុមហ៊ុនបានចាប់ផ្តើមដំណើរការជាផ្លូវការ។
ថ្លែងនៅក្នុងការចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្រុមកុមារ និងយុវវ័យ ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នៅវិមានសន្ដិភាពនៅភ្នំពេញ កាលពីថ្ងៃទី ១ ខែសីហា លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជារំពឹងថានឹងទទួលបានប្រាក់ចំណូលបន្ថែមទៀតពីគម្រោងរ៉ែមាស ដែលរដ្ឋាភិបាលធ្វើសម្បទានដល់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្ដ្រាលី Renaissance Minerals (Cambodia) Ltd
លោកនាយករដ្ឋមន្ដ្រីថ្លែងថា៖ «គ្រាន់តែប្រតិបត្តិការរយៈពេល ១ ខែប៉ុណ្ណោះ នៅពេលនេះយើងអាចទាញយករ៉ែមាស ១៣៧ គីឡូក្រាម ដែលជារ៉ែមាស ៩០ ភាគរយ ដូច្នេះនេះវានឹងបង្កើតប្រាក់ចំណូលសម្រាប់យើង»។
គម្រោងវិនិយោគលើរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មតម្លៃ ១២០ លានដុល្លារនៅក្នុងខេត្តមណ្ឌលគិរីរបស់ក្រុមហ៊ុន Renaissance ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះត្រូវបានដាក់សម្ពោធដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក ស៊ុយ សែម បានឱ្យដឹងថា រោងចក្របានដំណើរការស្លចម្រាញ់រ៉ែមាសចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី ១ របស់ខ្លួនកាលពីថ្ងៃ ២១ ខែមិថុនា។ ការកសាងរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្មនេះបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ ២០២០។
លោកលើកឡើងថា៖ «ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាព ជីកយករ៉ែប្រមាណជិត ២ លានតោនក្នុង ១ ឆ្នាំ»។
តាមការរាយការណ៍ រោងចក្រនេះមានលទ្ធភាពចម្រាញ់ចេញជាដុំមាសកម្រិត ៩០ ភាគរយ ប្រតិបត្តិការរបស់ក្រុមហ៊ុន Renaissance នឹងត្រូវគោរពតាមស្តង់ដាអន្តរជាតិដែលមានការទទួលស្គាល់។
របាយការណ៍លើកមុនបានបញ្ជាក់ថា រោងចក្រនេះជាមធ្យមផលិតមាសប្រមាណ ៣ តោននៅក្នុង ១ ឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន ៨ ឆ្នាំ»។
យោងតាមលោក ស៊ុយ សែម ការធ្វើអាជីវកម្មរ៉ែមាសនេះនឹងស្រូបទាញកម្លាំងពលកម្មសរុប ៤៦២ នាក់ក្នុងនោះជនជាតិខ្មែរមានចំនួន ៤២៧ នាក់។ ប្រតិបត្តិការធនធានរ៉ែទាំងអស់ នៅទីតាំងនេះនឹងត្រូវអនុវត្តស្របតាមស្ដង់ដា អន្តរជាតិ ដែលទាក់ទងនឹងការការពារបរិស្ថាន និងការផ្ដល់អត្ថប្រយោជន៍សង្គមដល់សហគមន៍មូលដ្ឋាន។
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានអះអាងថា៖ «រ៉ែ ដំបូង និងការចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងនៃគម្រោងរ៉ែមាសអូរខ្វាវ គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ក្រុមហ៊ុន និងតំណាងឱ្យកិច្ចខិតខំប្រឹងប្រែង ពិសេសតាមរយៈក្រុមការងារសាងសង់ និងអភិវឌ្ឍន៍ដែលប្រកបដោយបទពិសោធ និងកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុនម៉ៅការប្រកបដោយគុណភាព»។
បើតាមលោក ហ៊ុន សែន កម្ពុជារំពឹងថា ផលិតផលមាសលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមាន ៤០ លានដុល្លារក្នុង ១ ឆ្នាំ។ ថវិកានេះនឹងត្រូវយកមកប្រើក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕LA
វីដេអូ៖