ធនាគារជាតិនៃកម្ពុជា (NBC) និងមូលនិធិបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចុះ អនុស្សរណៈយោគយល់ (MoU) ស្តីពីកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកគ្រប់គ្រង ការវិនិយោគដើម្បីបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ លើផ្នែកបច្ចេកទេសក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និង ពង្រឹងរចនាសម្ព័ន្ធនៃការគ្រប់គ្រងការវិនិយោគ មូលនិធិ-សន្តិសុខសង្គម។
MoU ត្រូវបាន និងចុះហត្ថលេខារវាងលោកស្រី ជា សិរី ឧបការីទេសាភិបាល និង អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា និង លោក អ៊ុក សមវិទ្យា អគ្គនាយក NSSF តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងមកនេះ។
លោក សមវិទ្យា បានថ្លែងថា ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដោយ សំដៅលើកិច្ចគាំពារសង្គម ក្នុងនោះផ្តោតសំខាន់ទៅលើវិស័យសន្តិសុខសង្គម ដែលមានផ្នែក ថែទាំសុខភាពជាចម្បង ហើយកាតព្វកិច្ចនេះតម្រូវឱ្យអង្គភាព ប.ស.ស. ជាអ្នកប្រតិបត្តិផ្ទាល់ទៅលើផ្នែកធំៗចំនួន ៤ គឺ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
លោក សមវិទ្យា បានថ្លែងថា «អ្វីជាគោលបំណងសំខាន់នៃការចុះអនុស្សរណៈយោគយល់នៅពេលនេះ គឺជាការផ្តល់ឱកាសឱ្យអង្គភាពទាំង ២ ស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធលើញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ និងចំណេះដឹងផ្នែកការគ្រប់គ្រងវិនិយោគ ដើម្បីអនុវត្តការងារវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល»។
លោកស្រី ជា សិរី បានថ្លែងថា ការបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងទុនបម្រុងត្រូវបានអនុវត្តជាប្រចាំតាមគ្រប់រូបភាព និងប្រកបដោយនិរន្តរភាពដែលរួមមានការបណ្តុះបណ្តាលផ្ទៃក្នុងការបណ្តុះបណ្តាលក្រៅប្រទេស សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែងតាមការសហការជាមួយបណ្តាធនាគារកណ្តាល ស្ថាប័នធនាគារ ឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗនៅលើពិភពលោក។
លោកស្រីបានថ្លែងបញ្ជាក់ថា៖ «ដោយមើលឃើញថា បេឡាជាតិសន្តិសុខសង្គមមានទស្សនវិស័យក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដូចដែលធនាគារជាតិនៃកម្ពុជាកំពុងអនុវត្ត ខ្ញុំជឿជាក់ថា ការអនុវត្តអនុស្សរណៈយោគយល់នេះ នឹងផ្តល់ឱកាសដល់បេឡាជាតិសន្តិសុខសង្គមទទួលបាននូវការបណ្តុះបណ្តាលមួយដែលមានគុណភាពខ្ពស់ និងសមស្របតាមតម្រូវការជាក់ស្តែង ដើម្បីឈានទៅសម្រេចបានគោលដៅគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ប្រកបដោយសុវត្ថិភាព និង ប្រសិទ្ធភាព»។
បើយោងតាមលោក សម វិទ្យា បច្ចុប្បន្ន ប.ស.ស បាននិងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន ២ គឺផ្នែកហានិភ័យ ការងារ និងផ្នែកថែទាំសុខភាព ហើយនៅពេលដ៏ខ្លីខាងមុខឆាប់ៗនេះ ប.ស.ស. នឹងដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដែលពេលនោះ សមាជិក ប.ស.ស. ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់នឹងទទួលបានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្ត្រីរាជការផងដែរ។
លោកបានថ្លែងទៀតថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា នាពេលនេះ ប.ស.ស.នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព»៕