ទីក្រុងសេអ៊ូលៈ ឧស្សាហកម្ម​អាកាសចរណ៍​កូរ៉េ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​បានឈ្នះ​កិច្ចព្រមព្រៀង​ចំនួន ៧៨ លាន​ដុល្លារ​ពី​ប្រទេស​ថៃ​ ដើម្បី​ផ្គត់ផ្គង់​យន្តហោះ​ហ្វឹកហាត់​ធុន T-50TH ចំនួន ២ គ្រឿង​ និង​ផ្តល់​ការគាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ពួកគេ ដោយ​កិច្ចសន្យា​នឹងមាន​រយៈពេល​រហូតដល់​ថ្ងៃទី ៣០ ខែ​មករា​ឆ្នាំ ២០២៣។

កិច្ចព្រមព្រៀង​ដែល​អនុវត្តតាម​កិច្ចព្រមព្រៀង​តម្លៃ ២៧៤,៤ ពាន់​លាន​វ៉ុន (២៣៧,៨ លាន​ដុល្លារ) ដែល KAI បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​មុន​ដើម្បី​ផ្គត់ផ្គង់​យន្តហោះ​ធុន T-50i ចំនួន ៦ គ្រឿង​បង្កើន​ការនាំចេញ​ស៊េរី T-៥០ សរុប​មកទល់ពេលនេះ​មាន​ចំនួន ៧២ គ្រឿង ដោយ ១៤ គ្រឿង​ទៅ​ថៃ ២២ គ្រឿង​ទៅ​ឥណ្ឌូនេស៊ី ១២ គ្រឿង​ទៅ​ហ្វីលីពីន​និង ២៤ គ្រឿង​ទៅ​អ៊ីរ៉ាក់។

T-50TH គឺជា​យន្តហោះ​ហ្វឹកហាត់​កម្រិត​ខ្ពស់​តាម​តម្រូវការ​របស់​កងទ័ព​អាកាស​ថៃ។ ប្រទេស​ថៃ​បាន​ទិញ T-50TH សរុប​ចំនួន ១៤ គ្រឿង​គឺ ៤ គ្រឿងក្នុង​ឆ្នាំ ២០១៥ ៨ គ្រឿងក្នុង​ឆ្នាំ ២០១៧ និង​ពីរ​គ្រឿង​កាលពី​ខែ​មុន។

លោក Chakorn Tawanjang បាន​និយាយ​នៅក្នុង​សារ​អបអរសាទរ​របស់លោក​ថា៖ «កងទ័ពអាកាស​ភូមិន្ទ​ថៃ​បាន​ទិញ T-50 ចំនួន​បី​ដំណាក់កាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​កិច្ចសន្យា​នេះ​គឺជា​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​កងទ័ពអាកាស​របស់​យើង​ឱ្យ​ក្លាយជា​កងកម្លាំង​អាកាស​ល្អ​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ាន»។

យោងតាម​ក្រុមហ៊ុន Mirae Asset Securities ក្រុមហ៊ុន KAI រំពឹងថា​ការបញ្ជាទិញ T-50 បន្ថែមទៀត​ពី​សេណេហ្គាល់​ និង​ម៉ាឡេស៊ី​ដែល​នឹង​អនុញ្ញាតឱ្យ​ការលក់ T-50 ឈានដល់​កម្រិត ១០០ គ្រឿង​នៅ​ឆ្នាំនេះ៕ Korea Herald-ANN/RR