ភ្នំពេញៈ ប្រទេសកម្ពុជាបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកនៅត្រឹម ២,៥ ភាគរយពី ៤,១ ភាគរយពីការព្យាករកាលពីដើមឆ្នាំសម្រាប់ឆ្នាំ ២០២១ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ការទម្លាក់ការព្យាករសេដ្ឋកិច្ចនេះ បានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំនេះនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ១២ ដល់ ១៨ ឆ្នាំ។
លោក ហ៊ុន សែន បានលើកឡើងថា ការរីករាលដាលកូវីដ-១៩ នៅតែរំខានដល់ខ្សែចង្វាក់ផលិតកម្ម និងវិស័យសេដ្ឋកិច្ចសំខាន់នៃបណ្តាប្រទេសជាដៃគូនាំចេញរបស់កម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «តាមការទស្សន៍ទាយរបស់សេដ្ឋវិទូដែលបានព្យាករអំពីសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការព្យាករអំពីសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងមានការខុស។ ការខុស នេះមិនមែនភាពទន់ខ្សោយនៃការព្យាកររបស់សេដ្ឋវិទូនោះទេដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនោះទេ ប៉ុន្តែការរំខាននៃជំងឺកូវីដ ១៩ គឺវាជាចំណុចដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនសម្រេចតាមផែនការ ឬក៏សេដ្ឋកិច្ចរបស់កម្ពុជាខ្លួនឯងដែលមុននេះដាក់ ៤,១ ភាគរយ ឥឡូវយើងព្យាករនៅតែត្រឹម ២,៥ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២១ នេះ»។
លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីខែកក្កដាថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចកើនឡើងប្រហែល ៤ ភាគរយក្នុងឆ្នាំ ២០២១ នេះ ប្រសិនបើខ្លួនបានជោគជ័យក្នុងការធ្វើឱ្យវីរុសស្ថិតក្រោមការគ្រប់គ្រង។
លោកស្រីបញ្ជាក់ថា៖ «នៅពេលនេះ សម្រាប់សេណារីយោមិនល្អ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះដែលអាចស្ថិតក្នុងរង្វង់កំណើនតែ ១ ភាគរយប៉ុណ្ណោះ ជាពិសេសប្រសិនបើកម្ពុជាមិនអាចដោះស្រាយបានល្អចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩»។
បើយោងតាមលោក ហ៊ុន សែន វិស័យកសិកម្មបានដើរតួនាទីជាចម្បងសម្រាប់ជំរុញការនាំចេញ និងសន្តិសុខស្បៀងរបស់កម្ពុជាក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «សួរថាអ្វីដែលជាការពឹងផ្អែករបស់យើង បញ្ហានេះ វិស័យកសិកម្មនៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក។ ខ្ញុំបាននិយាយគ្រប់ពេលវេលាថា ធ្វើយ៉ាងណាកុំឱ្យកម្ពុជាខ្វះអង្ករច្រកឆ្នាំង ដូច្នេះវិស័យកសិកម្មគឺជាវិស័យដ៏ល្អ»។
របាយការណ៍របស់ក្រសួងកសិកម្ម ដែលលោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទំហំនៃការនាំចេញទៅលើវិស័យកសិកម្មមានការកើនឡើងលើសការរំពឹងទុក ដោយក្នុងនោះការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅប្រទេសអារ៉ាប់នៅតំបន់មជ្ឈិមបូព៌ាគឺមានកំណើនរហូតទៅដល់ ២០០ ភាគរយ។
លោកបានអះអាងថា៖ «ពេលនេះមានប្រទេសខ្លះសុំទិញជាស្រូវតែម្តងក្នុងពេលដែលយើងមិនទាន់មានឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងលុយទិញ ដូច្នេះយើងក៏លក់ស្រូវចេញ»។
ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីកើនឡើងជិត ៣០០ ភាគរយដែលកំណើននៃការនាំចេញមានរហូតដល់ជាង ៨០ ម៉ឺនតោន។ ការនាំចេញដំឡូងមី ស្វាយ ចេក និងផ្សេងៗទៀត ដែលលោក ហ៊ុន សែន បញ្ជាក់ថា គិតជាទំហំទឹកប្រាក់នៃការនាំចេញគឺមានច្រើនពាន់លានដុល្លារដែរ។
លោកបានបញ្ជាក់ថា វិស័យឧស្សាហកម្មខ្នាតតូច និងមធ្យមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ សកម្មភាពសេដ្ឋកិច្ចផងដែរ អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។
លោកនិយាយថា៖ «វិស័យឧស្សាហកម្មតូច និងមធ្យមនៅតែជាស្នូលនៃការប្រឹងប្រែងរបស់យើង ដែលយើងត្រូវរកវិធីដើម្បីជំរុញបន្ថែមទៀត»៕LA
វីដេអូ៖