ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ផ.ម.ក. បាន​បំភ្លឺ​សាធារណជន​ថា ខ្លួន​មិនជាប់​ពាក់ព័ន្ធ​ក្នុង​វិវាទ​របស់​ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX) នោះ​ទេ។

សេចក្តី​ស្រាយ​បំភ្លឺ​របស់ ផ.ម.ក. ផ្សាយ​នៅ​ថ្ងៃទី ៣ ខែ​សីហា​ថា ដោយសារ​នាពេល​ថ្មីៗ​នេះ​មាន​សាធារណជន និង​សារព័ត៌មាន​មួយចំនួន​មាន​ការភាន់ច្រឡំ និង​សួរ​សំណួរ​មកកាន់​ ផ.ម.ក. ជារឿយៗ​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​របស់​ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ ​ដែល​បាននិង​កំពុង​ស្ថិតក្រោម​ការដោះស្រាយ​ដោយ​និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក)។

សេចក្តី​ជូនដំណឹង​បាន​សរសេរ​ថា៖ «ផ.ម.ក.សូម​ស្រាយ​បំភ្លឺថា ផ.ម.ក ​គឺជា​សហគ្រាស​សាធារណៈ​ដែល​មាន​ភាគហ៊ុន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំនួន ៥៥ ភាគរយ និង​ផ្សារមូលបត្រ​កូរ៉េ (KRX) ចំនួន ៤៥ ភាគរយ។ ផ.ម.ក ទទួល​បាន​អាជ្ញាប័ណ្ណ​ពី ន.ម.ក ធ្វើ​អាជីវកម្ម​ជា​ប្រតិបត្តិករ​ទីផ្សារ​មូលបត្រ ប្រតិបត្តិករ​ប្រព័ន្ធ​ផាត់ទាត់​ និង​ទូទាត់​មូលបត្រ និង​ប្រតិបត្តិករ​រក្សាទុក​មូលបត្រ។

បច្ចុប្បន្ន ប្រភេទ​មូលបត្រ​ដែល​អាច​ចុះបញ្ជី និង​ដាក់ឱ្យ​ជួញដូរ​បាន​ទៅ ផ.ម.ក.រួមមាន មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) និង​មូលបត្រ​បំណុល (បណ្ណ​បំណុល) ដែល​ជា​មូលបត្រ​ដើម​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក។

សេចក្តី​បំភ្លឺ​បន្តថា ការវិនិយោគ​លើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ធ្វើឱ្យ​វិនិយោគិន​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ ហើយ​ការវិនិយោគ​លើ​សញ្ញា​បណ្ណ​វិញ​ធ្វើឱ្យ​វិនិយោគិន ក្លាយជា​ម្ចាស់បំណុល។

ចំណែកឯ​ឧបករណ៍​និស្សន្ទ ដែលជា​មូលបត្រ​មានតម្លៃ​យោង​តាម​តម្លៃ​របស់​មូលបត្រ​ដើម ដូចជា លោហធាតុ​មានតម្លៃ រូបិយប័ណ្ណ អត្រា​ការប្រាក់​ភាគហ៊ុន និង​សន្ទស្សន៍​ជាដើម ពុំមាន​ការជួញដូរ​នៅ ផ.ម.ក ទេ។ កន្លងមក​មាន​ការប្រើប្រាស់​ពាក្យ «ភាគហ៊ុន» ឬ «ហ៊ុន» ដើម្បី​សំដៅ​ដល់​ឧបករណ៍​និស្សន្ទ​ទាំងនេះ​ជា​ការមិន​ត្រឹមត្រូវ​ទេ។

ផ.ម.ក មាន​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ដែលជា​សមាជិក​ចំនួន ៩។ វិនិយោគិន​ដែល​មាន​បំណង​ជួញដូរ​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​ដែល​ចុះបញ្ជី​នៅ​ ផ.ម.ក. ត្រូវ​មាន​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ណាមួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១១ និង​អាចដាក់​បញ្ហា​ជួញដូរ​តាមរយៈ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​របស់ខ្លួន ឬ​ដោយ​ខ្លួនឯង​ផ្ទាល់​តាម​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS)។

បញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល រួមទាំង​បញ្ជី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ទាំង ១១ ដែលជា​សមាជិក​របស់ ផ.ម.ក ត្រូវ​បាន​ភ្ជាប់​មកជាមួយ​នៅ​ខាងក្រោម។

វិនិយោគិន​មិនអាច​ជួញដូរ​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ដែល​មិន​ស្ថិតនៅក្នុង​បញ្ជី​សមាជិក​របស់ ផ.ម.ក. ឡើយ។ ក្នុងន័យនេះ ផ.ម.ក សូម​លើកទឹកចិត្ត​វិនិយោគិន​គួរ​សួរ​បញ្ជាក់​ពី​ប្រភេទ​ផលិតផល​ហិរញ្ញវត្ថុ​ដែល​អាច​ជួញដូរ​បានឱ្យ​បាន​ច្បាស់លាស់​សិន​មុននឹង​បើក​គណនី​ជួញដូរ​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ណាមួយ។

រាល់​ការជួញដូរ​នៅ ផ.ម.ក. គឺ​ប្រព្រឹត្ត​ឡើង​ដោយ​តម្លាភាព​គោរព​តាម​នីតិវិធី បទប្បញ្ញត្តិ​ដែល​មានចែង​នៅក្នុង​វិធាន ជួញដូរ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន។

វិនិយោគិន​ទាំងអស់​ក៏​អាច​តាមដាន​ពិនិត្យមើល​សមតុល្យ​សាច់ប្រាក់​មូលបត្រ ក៏ដូចជា ប្រតិបត្តិ​ការជួញដូរ​ទាំងអស់​របស់​ខ្លួន​បានភ្លាមៗ​ផង​ដែរ។ ផ.ម.ក ខិតខំ​ឱ្យអស់​លទ្ធភាព ដើម្បី​រក្សា​នូវ​បរិយាកាស​ជួញដូរ​ដែល​ប្រកបដោយ​ភាពយុត្តិធម៌ និង​តម្លាភាព ដើម្បី​រក្សា​ទំនុកចិត្ត និង​ផលប្រយោជន៍​របស់​វិនិយោគិន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស៕ LA

វីដេអូ៖