ភ្នំពេញៈ BEST Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ និងសេវាឡូជីស្ទិកវៃឆ្លាតបញ្ចូលគ្នាឈានមុខគេនៅប្រទេសចិន កាលពីថ្ងៃទី ១ ខែសីហា បានដាក់ឱ្យដំណើរការសេវាឡូជីស្ទិកខ្សែចង្វាក់ផ្គត់ផ្គង់ពេញលេញរបស់ខ្លួន ដើម្បីដឹកជញ្ជូនកញ្ចប់ទំនិញពីប្រទេសចិន ទៅប្រទេសថៃ វៀតណាម និងកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេវាកម្មនេះនឹងប្រតិបត្តិការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Cainiao Smart Logistics Network ដែលជាសាខាឡូជីស្ទិកក្រុមហ៊ុន Alibaba Group។
កញ្ចប់ទំនិញអាចដឹកតាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាស ដោយអាស្រ័យតាមតម្រូវការអតិថិជន។ ការមិនរាប់បញ្ចូលមួយចំនួនដូចជា ម្សៅ ឬផលិតផលដែលមានមូលដ្ឋានពីវត្ថុរាវ ត្រូវដឹកជញ្ជូនតាមផ្លូវគោក ខណៈដែលផលិតផលដែលរងផលប៉ះពាល់ដោយពេលវេលាត្រូវដឹកជញ្ជូនតាមផ្លូវអាកាស។
ផលិតផលទាំងនោះ បន្ទាប់មកត្រូវដឹកជញ្ជូនទៅមជ្ឈមណ្ឌលបែងចែកតាមប្រភេទរបស់ក្រុមហ៊ុន BEST នៅទីក្រុងបាងកក ទីក្រុងហាណូយ ឬភ្នំពេញ មុនពេលត្រូវបញ្ជូនសម្រាប់ការដឹកជញ្ជូនចុងក្រោយ។ អតិថិជនអាចតាមដានទំនិញភ្លាមៗក្នុងពេលដំណើរការដឹកជញ្ជូនទាំងមូល។
សម្រាប់អ្នកប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក នៅប្រទេសថៃ កម្ពុជា និងវៀតណាម ដែលជ្រើសរើសសេវាកម្មឡូជីស្ទិកនេះ កញ្ចប់ទំនិញរបស់ពួកគេនឹងត្រូវដឹកជញ្ជូនដោយផ្ទាល់ពីកន្លែងណាមួយក្នុងប្រទេសចិន ទៅកាន់ឃ្លាំងស្ដុករបស់ក្រុមហ៊ុន BEST នៅទីក្រុង Shenzhen។ ចាប់ពីកន្លែងនោះ កញ្ចប់ទំនិញបន្ទាប់មកត្រូវដឹកជញ្ជូនដោយផ្ទាល់ទៅទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហាណូយ ប្រទេសវៀតណាម ឬទីក្រុងភ្នំពេញប្រទេសកម្ពុជា បន្ទាប់ពីបញ្ចេញទំនិញពីគយចិន។
លោក Johnny Chou ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន BEST Inc ថ្លែងថា៖ «អាស៊ីអាគ្នេយ៍បានផ្ដោតលើវិស័យសំខាន់ៗរបស់យុទ្ធសាស្ដ្រពិភពលោករបស់ក្រុមហ៊ុន BEST ហើយយើងគ្រោងនឹងវិនិយោគបន្ថែមទៀតនៅតំបន់នេះ។ យើងបានអភិវឌ្ឍនូវបណ្ដាញដឹកជញ្ជូនរហ័ស ទៅក្នុងទីផ្សារចំនួន ៥ នៅក្នុងតំបន់នេះ ដែលផ្ដល់ដល់អតិថិជននូវសេវាកម្មល្បឿនលឿន អាចទុកចិត្តបាន និងចំណាយតិច ព្រមទាំងជួយសម្រួលដល់កំណើនពាណិជ្ជកម្មឆ្លងកាត់ព្រំដែន»។
លោក Au Yeong Shong Kwong ប្រធានផ្នែកឆ្លងកាត់ព្រំដែន ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី នៅក្រុមហ៊ុន Cainiao Network បាននិយាយថា៖ «ដើម្បីដោះស្រាយតម្រូវការអតិថិជន យើងបានបង្កើតសេវាកម្មឡូជីស្ទិកពាណិជ្ជកម្មអេឡិចត្រូនិកចិន អាស៊ី-អាគ្នេយ៍ដោយផ្ទាល់ ដែលបង្ហាញពីយុទ្ធសាស្ដ្ររបស់យើងផ្ដោតការយកចិត្តទុកដាក់លើតំបន់នេះ»។
តាំងពីឆ្នាំ ២០២០ ក្រុមហ៊ុន BEST បានបង្កើតបណ្ដាញឡូជីស្ទិកដ៏ទូលំទូលាយនៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ដែលរួមមានមជ្ឈមណ្ឌលបែងចែកចំណាត់ថ្នាក់ទំនិញ ២៤ និងស្ថានីយសេវាកម្មជាង ១ ០០០ ដែលអាចឱ្យក្រុមហ៊ុននេះផ្ដល់សេវាកម្មឡូជីស្ទិកពេញលេញដល់អតិថិជនជាច្រើន៕ LA