ភ្នំពេញៈ កម្ពុជានឹងជ្រើសរើសយកផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចកំពត GI សម្រាប់ធ្វើជាគំរូផ្តល់ទៅឱ្យក្រុមហ៊ុន Alibaba ដើម្បីអាចដាក់លក់នៅលើផ្លេតហ្វមរបស់ក្រុមហ៊ុនយក្សរបស់ចិននេះ។ នេះបើយោងតាមមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (Enterpreneuship Development Fund) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយតំណាងក្រុមហ៊ុន Alibaba.com ស្តីពីការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី E-commerce និងលទ្ធភាពក្នុងការទទួលបានការដាក់លក់ទំនិញរបស់កម្ពុជានៅលើ Platform របស់ក្រុមហ៊ុន Alibaba ពិសេសសម្រាប់ទីផ្សារប្រទេសចិន។
លោកលើកឡើងថា ក្នុងកិច្ចប្រជុំនេះភាគីទាំង ២ បានពិភាក្សាលើចំណុចមួយចំនួន គឺការចែករំលែកបទពិសោធល្អៗពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលដើម្បីសម្របសម្រួលក្នុងការនាំចេញ។ ជំនួបនេះក៏ពិភាក្សាអំពីបញ្ហាឡូជីស្ទិក និងការធ្វើសាមញ្ញកម្មនីតិវិធីគយនៃប្រទេសទាំង ២ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍សហគ្រិនកម្ពុជា ដើម្បីអាចស្វែងរកដៃគូយុទ្ធសាស្ត្រ និងចេះធ្វើទីផ្សារបែបឌីជីថលនៃផលិតផលរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន។
លោកថ្លែងថា៖ «ជាលទ្ធផលផលិតផលស្វាយចន្ទី និងម្រេចកំពត GI នឹងត្រូវជ្រើសរើសដើម្បីត្រៀមលក្ខណៈធ្វើការសាកល្បងនៅលើទីផ្សារ»។
អ្នកសម្របសម្រួលមូលនិធិគម្រោងអភិវឌ្ឍន៍សហគ្រិនភាព លោក ប៊ុន ផល្លា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៤ ខែសីហា ថា មូលនិធិអភិវឌ្ឍន៍សហគ្រិននឹងនាំយកផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចកំពត GI ជាផលិតផលគំរូផ្តល់ឱ្យភាគីក្រុមហ៊ុន Alibaba។
លោកបានប្រាប់ថា៖ «យើងគិតថាផលិតផលទាំង ២ នេះមានសក្តានុពលខ្លាំង ពីព្រោះការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនខ្ពស់ ដូចនេះបើកំណើននេះស្រូបទាញទីផ្សារចិនបានមួយចំនួនធំ យើងនឹងអាចជំរុញសកម្មភាពផលិតកម្មនេះកាន់តែច្រើនថែមទៀត ហើយម្រេចក៏ដូចគ្នាដែរ។ យើងចង់ជួយកសិកររបស់យើង»។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យកាន់តែល្បីលើទីផ្សារអន្តរជាតិ។ អ្នកស្រីប្រាប់ថា៖ «នេះជាដំណឹងដ៏រីករាយ ដែលជាសកម្មភាពជួយរកទីផ្សារឱ្យស្វាយចន្ទី។ ខ្ញុំសង្ឃឹមថា ផលិតផលគ្រាប់ស្វាយចន្ទីយើងនឹងត្រូវបានជ្រើសរើសចូលទៅក្នុងគំនិតផ្តួចផ្តើមនេះ»។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានស្វាគមន៍ចំពោះរដ្ឋាភិបាលក្នុងការជួយជំរុញឱ្យផលិតផលម្រេចកំពត GI ចូលទៅផ្លេតហ្វមក្រុមហ៊ុន Alibaba។ លោកនិយាយថា៖ «យើងរីករាយ និងចូលរួមសហការលើកិច្ចការនេះ ដើម្បីរួមគ្នារកទីផ្សារឱ្យម្រេចកំពត»៕ LA
វីដេអូ៖