ភ្នំពេញ:មន្ត្រីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងថា បច្ចុប្បន្ន ន.ម.ក. កំពុងធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអភិវឌ្ឍន៍ហិរញ្ញប្បទាននិរន្តរភាពសម្រាប់វិស័យមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក. នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំជាមួយនឹងអ្នកជំនាញការនៃធនាគារពិភពលោក (World Bank) ដែលដឹកនាំដោយលោកស្រី Ratchada Anantavrasilpa ដើម្បីពិភាក្សាទៅលើ “Toolkits for Policymakers to Green the Financial System”។
លោកថ្លែងថា៖ «កម្ពុជាសូមសម្តែងនូវការអរគុណចំពោះធនាគារពិភពលោកដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាក៏ដូចជា ប្រទេសកម្ពុជាទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញថា បច្ចុប្បន្ន ន.ម.ក. ក៏កំពុងតែធ្វើការជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីអភិវឌ្ឍហិរញ្ញប្បទាននិរន្តរភាពសម្រាប់វិស័យមូលបត្រនៅកម្ពុជាផងដែរ។
លោកថា៖ «ក្នុងជំនួបពិភាក្សា ភាគីទាំង ២ បានឯកភាពគ្នាក្នុងការជំរុញការកសាងសមត្ថភាពដល់មន្ត្រីនៃ ន.ម.ក. និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អភិវឌ្ឍហិរញ្ញវត្ថុបៃតងនៅកម្ពុជានៅថ្ងៃអនាគត»។
អ្នកជំនាញធនាគារពិភពលោកបានឯកភាពលើសំណើនេះ និងមានផែនការរៀបចំកម្មវិធីពង្រឹងសមត្ថភាពនៅកម្ពុជានៅឆ្នាំ ២០២២។ នេះបើតាមលោក ស៊ូ សុជាតិ៕