ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន ប្ដេជ្ញាស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ ត្រូវបានបញ្ចប់ ខណៈកម្ពុជាជំរុញឱ្យមានការធ្វើដំណើរឡើងវិញ តាមរយៈការទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ និងឌីជីថលូបនីយកម្មលើវិស័យពាក់ព័ន្ធនានាដើម្បីធានាភាពធន់ និងចីរភាពនៅក្នុងអនុតំបន់អំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១។
លោក ប្រាក់ សុខុន បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា ការតភ្ជាប់ផ្នែកទន់ និងផ្នែករឹង ដំណើរការដោយរលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញឱ្យមានការធ្វើដំណើរឡើងវិញតាមរយៈការទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ និងឌីជីថលូបនីយកម្មលើវិស័យពាក់ព័ន្ធនានា គួរតែត្រូវបានដាក់ចេញឱ្យអនុវត្ត ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឱ្យបាននូវភាពធន់ និងចីរភាពនៅក្នុងអនុតំបន់ ក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ ១៩។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ គិតគូរពិចារណាលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ «សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន» ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានាក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិយោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ មានដំណើរការឡើងវិញ។
«គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយប្រធានអង្គប្រជុំ និងអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងវិស័យជាអាទិភាព និងបានកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌រវាងបណ្ដាប្រទេសមេគង្គ និងជប៉ុន និងដើម្បីធានាឱ្យបាននូវអនុតំបន់មេគង្គដែលកាន់តែរស់រវើក ដោយគិតគូរពិចារណាទៅលើជំងឺរាតត្បាតកូវីដ ១៩ និងការប្រឈមនានាដែលកំពុងកើតមាន។
«រដ្ឋមន្ត្រីទាំងអស់ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងការថែរក្សាបាននូវសន្តិភាព និងស្ថិរភាព នៅក្នុងអនុតំបន់មេគង្គ និងឥណ្ឌូ-ប៉ាស៊ីហ្វិក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បើតាមសេច្ដីប្រកាសព័ត៌មានដដែល កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ តាមរយៈការយល់ឃើញរួមគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងការប្ដេជ្ញាចិត្តក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានបញ្ចប់៕