ភ្នំពេញៈ ឱកាសនាំចេញផលិតកម្មដំណាំសរីរាង្គ និងការចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីរបស់ប្រជាកសិករខ្មែរនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី Lexmin Pty Ltd Cambodia។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីរសៀលថ្ងៃទី ៦ ខែសីហា បានចុះ MoU ជាមួយក្រុមហ៊ុន Lexmin Pty Ltd Cambodia ស្តីពី «ការជំរុញផលិតកម្មដំណាំតាមស្តង់ដាសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករ ដើម្បីទទួលបានឱកាសការងារតាមកសិដ្ឋាននៅប្រទេសអូស្ត្រាលី»។
ក្នុងពេលធ្វើជាសាក្សីនៃការចុះ MoU ខាងលើ លោក វេង សាខុន បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងកសិកម្ម តែងខិតខំធ្វើដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតភាពដំណាំស្តង់ដាសរីរាង្គ ខណៈផលិតផលនេះកំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកបន្តថា MoU នេះនឹងជួយធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។
លោកថ្លែងថា៖ «ប្រាកដណាស់ថា MoU នេះនឹងជួយបំពេញនូវអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មដំណាំ ការកែច្នៃ ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ ជាពិសេសការអនុវត្ត MOU នេះពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំសរីរាង្គឱ្យកាន់តែល្អប្រសើរឡើង»។
ប្រទេសកម្ពុជាបាននាំចេញកសិផលសរុបជាង ១៣ លានតោនកាលពីឆ្នាំ ២០២០ ឬគិតជាទឹកប្រាក់ប្រមាណជាង ៣,៤ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕