ភ្នំពេញៈ ទោះបីស្ថានភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិនៅតែបន្តទទួលរងឥទ្ធិពលអវិជ្ជមានពីការរីករាលដាលជំងឺកូវីដ ១៩ ក៏ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មិនបានធ្លាក់ចុះឡើយ ដោយក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មមានជាង ៣,៨ ពាន់លានដុល្លារ កើនជាង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មអាមេរិក។
ទិន្នន័យចេញផ្សាយក្នុងថ្ងៃទី ៧ ខែសីហា ឱ្យដឹងថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ៣ ៨៤០,២ លានដុល្លារ កើនឡើង ៣២,៨ ភាគរយធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០ ដែលមាន ២ ៨៩១,៧ លានដុល្លារ។ សម្រាប់ការនាំចេញទំនិញពីកម្ពុជាក្នុងអំឡុងពេលនេះមានតម្លៃ ៣ ៦៣៧,៦ លានដុល្លារ កើន ៣២,៤ ភាគរយ ចំណែកការនាំចូលពីអាមេរិកមានតម្លៃ ២០២,៦ លានដុល្លារ កើនឡើង ៤០,៣ ភាគរយ។
ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ ២០២១ ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកមានតម្លៃ ៥០៦,១ លានដុល្លារ កើនឡើង ៣០,៣៧ ភាគរយ និងការនាំចូលមានតម្លៃ ២៨,៨ លានដុល្លារ កើន ៤៩,២ ភាគរយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៨ ខែសីហា ថា ទោះក្នុងអំឡុងនៃវិបត្តិការឆ្លងរាលដាលកូវីដ ១៩ ក៏ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក នៅតែបង្ហាញសញ្ញាវិជ្ជមាន ពិសេសការនាំចេញរបស់កម្ពុជាដែលមានទឹកប្រាក់រហូតដល់ជាង ៣,៦ ពាន់លានដុល្លារ។
លោកបន្តថា តាមរយៈកំណើននាំចេញនេះ វានឹងក្លាយជាកម្លាំងចលករក្នុងការស្រូបទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀតឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកអះអាងថា៖ «ការឡើងព្រមគ្នានៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងអំឡុងពេលនេះ អាចនិយាយថា ជារឿងកម្រ ព្រោះវិបត្តិកូវីដ ១៩ បានធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះស្ទើរគ្រប់គោលដៅ»។
លោកលើកឡើងទៀតថា សម្រាប់កំណើនទឹកប្រាក់ការនាំចេញរបស់កម្ពុជាអាចបានទទួលឥទ្ធិពលពីតម្រូវការផលិតផលវាយនភណ្ឌ និងកង់ រីឯការនាំចូលរបស់អាមេរិកអាចដោយសារកំណើននៃការនាំចូលរថយន្ត ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ចុះពន្ធគយចាប់ពីដើមខែមីនា ឆ្នាំ ២០២១។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បាននិយាយថា ការចាប់ផ្តើមដំណើរការខ្លាំងឡើងវិញនៃសេដ្ឋកិច្ចអាមេរិកបានធ្វើឱ្យតម្រូវការនាំចូលផលិតផលប្រើប្រាស់គ្រប់ប្រភេទកើនជាលំដាប់ ដោយរាប់ចាប់ពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។ ចំនួននៃការបញ្ជាទិញពីកម្ពុជានឹងកើនឡើងខ្លាំងបន្ថែមទៀតនៅពេលប្រទេសនេះអាចគ្រប់គ្រងជំងឺកូវីដ ១៩ បានទាំងស្រុង។ លោកបន្ថែមថា៖ «អាមេរិកគឺជាទីផ្សារធំ បើយើងអាចរក្សាបានកំណើននៃការនាំចេញ វានឹងរួមចំណែកច្រើនក្នុងការប្រមូលចំណូលមកអភិវឌ្ឍជាតិ និងសង្គម»។
ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ ក្នុងឆ្នាំ ២០២០ មានតម្លៃ ៦ ៩២១,៣ លានដុល្លារ ១៧,៨៩ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មអាមេរិក៕ LA