ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្ត្រី។
កិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ នៅក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នាដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានោះលោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំង ៣ នៅក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក។
លោកបន្តថា ភាគីទាំង ៣ ក៏នឹងសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិកដែលជាសហគ្រិនស្ត្រី ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ពីការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំង ៣ នឹងចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រ, ហិរញ្ញប្បទានបៃតង, ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម តាមរយៈការលើកកម្ពស់ការយល់ដឹង ចំណេះដឹងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព»។
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាចលករជំរុញបន្ថែមដល់ការអភិវឌ្ឍអាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
លោកប្រាប់ថា៖ «ភាគច្រើនលើសលប់នៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្ត្រីដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ»។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកស្រី កែវ មុំ បាននិយាយថា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្ត្រី ដើម្បីពង្រីកអាជីវកម្មកាន់តែធំជាងមុន។ លោកស្រីបន្តថា ចំណេះដឹងស្ត្រីមួយចំនួននៅមានកម្រិត ពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ ត្រឹមត្រូវ និងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងនេះធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកផ្តល់កម្ចីទៅតាមតម្រូវការរបស់សហគ្រិនជាស្ត្រី៕ LA