ភ្នំពេញៈ ស្ថានការណ៍នៃការអូសបន្លាយពេលឆ្លងរាលដាលជំងឺកូវីដ ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២១ មានប្រមាណជាង ១០ ម៉ឺននាក់ ធ្លាក់ចុះយ៉ាងគំហុកបើធៀបឆមាសទី១ ឆ្នាំ ២០២០។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ ម៉ឺននាក់ ធ្លាក់ចុះ ៩០,៨ ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ ដែលមានចំនួន ១,១៨ លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមាន ២៧៥ ៦៧១ នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំមុន បានធ្លាក់ចុះ ៨៧,៨ ភាគរយ។
យោងតាម NBC ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលនាំឱ្យមានការបិទខ្ទប់តំបន់មួយចំនួន បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងទស្សនវិស័យកំណើនរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១ ពិសេសវិស័យទេសចរណ៍ដែលត្រូវការរយៈពេលយូរសម្រាប់ការងើបឡើងវិញ។
ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកម្រើកឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីដើមខែមេសា ឆ្នាំ ២០២១ បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាពីការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ដោយអនុញ្ញាតឱ្យពួកគេចូលទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ចាប់ពីត្រីមាសទី ៤ ឆ្នាំនេះតទៅ។
បើតាមលោក ថោង ខុន បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដើម្បីសិក្សាលម្អិតពីកិច្ចការទាំងនេះ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៩ ខែសីហាថា ក្តីបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងវិធានការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បានធ្វើឱ្យចំនួនជនបរទេសធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់ប្រទេសលើពិភពលោក គឺមិនមែនមានតែកម្ពុជាទេ។
ទោះយ៉ាងណា លោកមានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសកម្ពុជា នឹងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបណ្តើរៗចាប់ពីត្រីមាសទី៤ ឆ្នាំ ២០២១ នេះតទៅ ខណៈបច្ចុប្បន្នរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានដំណើរការល្អឡើងវិញ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។
លោកលើកឡើងថា ម្យ៉ាងទៀតការរកឃើញវិជ្ជមានវីរុសកូរ៉ូណានៅពេលនេះ ក៏មានភាគច្រើនតែចំពោះក្រុមកម្មករពីប្រទេសជិតខាង ដោយមិនមានច្រើនសម្រាប់វិនិយោគិន ឬភ្ញៀវទេសចរពីក្រៅប្រទេសនោះឡើយ។
លោកថ្លែងថា៖ «ខ្ញុំជឿថា រដ្ឋាភិបាលកម្ពុជានឹងមានទឡ្ហីករច្បាស់លាស់ក្នុងការធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាចាប់ផ្តើមដំណើរការឡើងវិញនៅត្រីមាសទី៤ ខាងមុខ តាមរយៈការបង្កើនល្បឿនចាក់វ៉ាក់សាំងដល់ប្រជាជនចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ខណៈចំនួននៃការឆ្លងក្នុងប្រទេសក៏កំពុងមាននិន្នាការធ្លាក់ចុះផងដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានប្រាប់ថា អ្នកស្រីពិតជាចង់ឱ្យវិស័យនេះមានជីវិតឡើងវិញណាស់ ព្រោះរយៈពេលជាង ១ ឆ្នាំមកហើយដែលវិស័យនេះត្រូវជាប់គាំងស្ទើរទាំងស្រុង។ ការបើកឱ្យមានភ្ញៀវទេសចរអន្តរជាតិឡើងវិញ វាមិនត្រឹមតែធ្វើឱ្យអ្នកនៅក្នុងវិស័យនេះទទួលបានចំណូល និងការងារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដមានល្អផងដែរ។ អ្នកស្រីអះអាងថា៖ «យើងពិតជាចង់ឱ្យវិស័យនេះមានដំណើរការឡើងវិញ»។
បើតាមលោកស្រី ស៊ីវលីន វិស័យទេសចរណ៍កម្ពុជានឹងងើបឡើងវិញក្នុងទម្រង់ជាអក្សរ U គឺមិនអាចស្ទុះឡើងលឿននោះទេ។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១ ៣០៦ ១៤៣ នាក់ធ្លាក់ចុះ ៨០,២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦ ៦១០ ៥៩២ នាក់៕ LA