ភ្នំពេញៈ ផលវារីវប្បកម្មនៅកម្ពុជាឆ្នាំ ២០២១ នេះអាចនឹងធ្លាក់ចុះខ្លះ ខណៈបទពិសោធទីផ្សារ និងកត្តាតម្លៃកំពុងធ្វើឱ្យអ្នកចិញ្ចឹមត្រីមួយចំនួនសម្រេចកាត់បន្ថយការលែងកូនត្រីចូលស្រះចិញ្ចឹម ឬផ្អាកការចិញ្ចឹមមួយរយៈ។ នេះបើយោងតាមសមាគមវារីវប្បករនៅកម្ពុជា។
លោក ជេត ភិរម្យ មន្ត្រីអភិវឌ្ឍន៍សមាគមនៃសមាគមវារីវប្បករនៅកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង ៣០០ គ្រួសារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១០ ខែសីហាថា ចំនួនទិន្នផលត្រីក្នុងស្រះចិញ្ចឹមពេលនេះ គឺមិនមានច្រើនដូចកាលពីអំឡុងខែមេសា និងឧសភាទេ ព្រោះត្រីក្នុងស្រះត្រូវបានគេលក់ចេញជាបន្តបន្ទាប់ ហើយការប្រលែងកូនត្រីចូលទៅក្នុងស្រះវិញ ក៏ត្រូវបានកាត់បន្ថយ ដើម្បីរង់ចាំមើលឱកាសទីផ្សារ។ លោកបន្តថា ទោះបីល្បឿនការចិញ្ចឹមត្រីបានកាត់បន្ថយខ្លះ ក៏តម្លៃផលវារីវប្បកម្ម (ត្រី) នៅលើទីផ្សារក្នុងស្រុកពេលនេះមិនបានកើនឡើងទេ។
ទិន្នន័យពីសមាគមវារីវប្បករនៅកម្ពុជាឱ្យដឹងថា កាលពីខែឧសភា ផលវារីវប្បកម្មក្នុងស្រះចិញ្ចឹមដែលដល់ពេលចាប់លក់មានប្រមាណ ១០ ៣៥៦ តោនក្នុងនោះរួមមាន ត្រីប្រា មាន ៧ ២៥៩ តោន ត្រីឆ្តោ ១ ៨៥៨ តោន ត្រីពោ ៨៩៣ តោន ត្រីអណ្តែង ១៥៥ តោន និងត្រីដទៃទៀត ១៩១ តោន។
លោក ភិរម្យ បានអះអាងថា៖ «សម្រាប់ឆ្នាំ ២០២១ តាមការព្យាករអ្នកចិញ្ចឹមនឹងមិនអាចទទួលបានប្រាក់ចំណេញទេ ចំណែកផលវារីវប្បកម្មប្រចាំឆ្នាំក៏នឹងមិនមានចំនួនច្រើនដូចក្តីរំពឹងទុកដែរ»។
បើតាមលោក ភិរម្យ ដោយសារក្នុងឆមាសទី ១ ឆ្នាំ ២០២១ ប្រភេទត្រីមួយចំនួនដែលប្រជាកសិករចូលចិត្តចិញ្ចឹមបានជួបបញ្ហាទីផ្សារ (តម្លៃទាប) និង ចំណី (តម្លៃខ្ពស់) ដូច្នេះពេលនេះគេសង្កេតឃើញកន្លែងចិញ្ចឹមមួយចំនួនកំពុងធ្វើការផ្លាស់ប្តូរប្រភេទត្រីថ្មីៗ ដែលមានតម្រូវការខ្ពស់លើទីផ្សារ។
លោកប្រាប់ទៀតថា ដើម្បីលើកកម្ពស់សមត្ថភាពចិញ្ចឹមត្រីនៅក្នុងស្រុក គេត្រូវបង្កើនជំនាញបច្ចេកទេសផ្នែកវារីវប្បកម្ម រៀបចំផែនការអាជីវកម្ម ផែនការផលិតកម្មតម្រូវទីផ្សារ ការចងក្រងបណ្តុំ/បណ្តាញអ្នកផលិតសម្រាប់ទីផ្សារគោលដៅ រៀបចំផែនការប្រកួតប្រជែងក្នុងទីផ្សារសេរី ពិសេសរដ្ឋាភិបាលត្រូវមានគោលនយោបាយគាំទ្រលើវិស័យវារីវប្បកម្មដូចជា តម្លៃអគ្គិសនី បង្កើនការផលិតកូនត្រីពូជក្នុងស្រុក ប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យវារីវប្បកម្ម និងការផ្តល់ឥណទានមានការប្រាក់ទាប។
លោកនិយាយថា៖ «ក្នុងនាមសមាគមយើងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សូមជួយត្រួតពិនិត្យលើការនាំចូលត្រីពីក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដោយត្រូវគោរពទៅតាមកូតា ដែលក្រសួងកសិកម្មបានអនុញ្ញាតឱ្យនាំចូល ដើម្បីធានាបានការប្រកួតប្រជែងដោយយុត្តិធម៌ត្រឹមត្រូវ និងលុបបំបាត់ការធ្វើអាជីវកម្មតាមបែបទុច្ចរិត។ ជាមួយគ្នានេះយើងក៏ស្នើឱ្យប្រជាជនខ្មែរទាំងអស់ត្រូវនាំគ្នាជួយគាំទ្រដល់ផលិតផលក្នុងស្រុកឱ្យកាន់តែខ្លាំង»។
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ស៊ីអេអិន ដែលស្ថិតលើផ្ទៃដី ២ ហិកតាក្នុងស្រុកមេសាង ខេត្តព្រៃវែង លោក ផន រ៉ានី បានប្រាប់ថា ទីផ្សារត្រីចិញ្ចឹមនៅកម្ពុជានៅបន្តជួបបញ្ហាប្រឈមពីការប្រកួតប្រជែងជាមួយត្រីនាំចូល ខណៈតម្លៃក៏ទាបជាងឆ្នាំមុនផងដែរ។
លោកប្រាប់ថា៖ «ដោយសារការចំណាយលើថ្លៃដើមផលិតខ្ពស់ (ចំណី និងតម្លៃអគ្គិសនី) បានធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ប្រាក់ជាច្រើន ហើយពេលនេះចំនួននៃកន្លែងចិញ្ចឹមត្រីក៏កំពុងតែធ្លាក់ចុះផងដែរ»។
លោកបន្ថែមថា កត្តាសំខាន់មួយទៀតដែលធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមាននិរន្តរភាព និងការរីកចម្រើនខ្លាំងនោះ គឺការគាំទ្ររបស់ប្រជាជនក្នុងស្រុក គឺជារឿងចាំបាច់។
យោងតាមក្រសួងកសិកម្ម កាលពីឆ្នាំ ២០២០ ផលវារីវប្បកម្មនៅកម្ពុជាមានចំនួន ៤០០ ៤០០ តោន កើន ៣០,២៥ ភាគរយពីចំនួន ៣០៧ ៤០៨ តោនកាលពីឆ្នាំ ២០១៩៕ LA
វីដេអូ៖