ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានទទួលស្វាគមន៍ការចុះចតយន្តហោះប្រភេទ Airbus-330 ជាលើកដំបូងចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ នៃសហគមន៍ ២០ កុម្ភៈមក។
យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airports បានសរសេរថា ជើងហោះហើរនៅអាកាសយានដ្ឋានបានថយចុះបន្តិចម្តងៗ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ ១៩ កាលពីឆ្នាំមុន ហើយស្ថានការណ៍កាន់តែអាក្រក់ទៅៗចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ ដោយសារតែគ្មានជើងហោះហើរសោះតែម្តង។
ទោះយ៉ាងណា នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ មានយន្តហោះ Airbus-330 ហោះពីបាហ្សល ប្រទេសស្វ៊ីស បានឈប់សម្រាកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ យន្តហោះនេះ ធ្វើដំណើរឆ្ពោះទៅទីក្រុងហុងកុងនៅក្នុងថ្ងៃដដែល។
ក្រុមហ៊ុនបានឱ្យដឹងទៀតថា៖ «ការចុះចត និងហោះហើរនៃយន្តហោះប្រភេទ A-330 ជាសញ្ញាល្អមួយសម្រាប់សហគមន៍អាកាសយានដ្ឋានទាំងមូលដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរំខានដល់សកម្មភាពហោះហើរកន្លងមក។ វាក៏ជាសក្ខីភាពមួយនៃការត្រៀមខ្លួនរបស់ក្រុមការងារ និងអាជ្ញាធរអាកាសយានដ្ឋានដើម្បីបំពេញតម្រូវការអតិថិជនរបស់ពួកគេ»។
ក្រុមហ៊ុនបានបញ្ជាក់ទៀតថា៖ «អាកាសយានដ្ឋានបានបើកដំណើរការទាំងស្រុង និងបានអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់ភាគីពាក់ព័ន្ធរបស់ខ្លួន។ នៅថ្ងៃខាងមុខនេះបុគ្គលិកកម្មករជិត ១០០ ភាគរយនឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩»។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ព្រលានយន្តហោះអន្តរជាតិទាំងអស់នៅប្រតិបត្តិការហោះហើរជាធម្មតា ហើយការចុះចតនៃជើងហោះហើរនេះ គឺវាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា។
លោកប្រាប់ថា៖ «យើងមិនដែលមានគោលការណ៍បិទព្រលានយន្តហោះអន្តរជាតិនៅកម្ពុជាទេ ប៉ុន្តែអាកាសយានដ្ឋានអន្តរជាតិមួយចំនួនមិនដំណើរនាពេលកន្លងមកដោយសារពុំមានជើងហោះហើរចូលតែម្តង ដូច្នេះអាកាសយានដ្ឋាននីមួយៗគាត់មើលទៅលើតម្រូវការជាមុនសិន។
ប្រសិនបើគ្មានតម្រូវការក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកមួយចំនួន ព្រមទាំងកាត់បន្ថយចំណាយមិនចាំបាច់មួយចំនួនដូចជា ទឹក អគ្គិសនី ប៉ុន្តែក៏នៅមានអ្នកប្រចាំការជាអចិន្ត្រៃយ៍ពេលមានសំណើយន្តហោះណាសុំចុះចតបុគ្គលិកប្រចាំការទាំងអស់នោះនឹងបម្រើសេវាជូនដល់ពួកគេ»។
របាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងឆមាសទី ១ ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ ម៉ឺននាក់ ធ្លាក់ចុះ ៩០,៨ ភាគរយបើធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០២០ ដែលមានចំនួន ១,១៨ លាននាក់៕ LA
វីដេអូ៖