ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា កម្ពុជា​បាន​នាំចូល​ថ្នាំ កសិកម្ម និង​ជី​កសិកម្ម ចំនួន​ជាង​ ៩០ ​ម៉ឺន​តោន​នៅក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ ដែល​ចំនួន​នេះ​បាន​កើនឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៩ ខែសីហា ឱ្យដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​នានា​បាន​នាំចូល​ថ្នាំ​កសិកម្ម​ចំនួន ៤៧ ៤០៩ ​តោន និង​ជី​កសិកម្ម ៨៥៨ ៦៣២ តោន​។ ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ​មាន​សម្ទុះ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដែលនាំឱ្យ​តម្រូវការ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ក៏មាន​សម្ទុះ​កើនឡើង​ខ្ពស់​។ ការ​នេះ​បាន​នាំឱ្យ​តម្លៃ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ក៏​ហក់​ឡើង​ខ្ពស់​។

ក្រសួង​ក៏បាន​ពន្យល់ថា ជី​កសិកម្ម​ឆ្នាំនេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​ដោយសារតែ​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា នៅ​បណ្តា​ប្រទេស​ផលិត​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នាំចេញ មិនអាច​ផលិត​ឆ្លើយតបបាន​តាម​ការបញ្ជា​ទិញ​ពី​កម្ពុជា​។ វត្ថុធាតុដើម​មានការ​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ធំៗ​មានដូចជា ប្រទេស​ចិន ម៉ាឡេស៊ី និង​ប្រទេស​អារ៉ាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តទៀតថា ផលិតកម្ម​ជី​កសិកម្ម​ក៏​ត្រូវបាន​កាត់បន្ថយ​ចំនួន​កម្លាំង​ពលកម្ម​ដោយសារ​បញ្ហា​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដូចជា​នៅក្នុង​ប្រទេស​ចិន ថៃ និង​ប្រទេស​វៀតណាម​ក៏​ជា​មូលហេតុ​នាំឱ្យ​តម្លៃ​កើនឡើង​ផងដែរ ខណៈ​ការដឹកជញ្ជូន​ត្រូវ​ប្រើពេល​យូរ​ជាង​មុន​ដែល​បណ្តាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ (​មានការ​ប្រុងប្រយ័ត្ន​ទៅលើ​ផ្នែក​សុខភាព និង​ការត្រួតពិនិត្យ​តាម​វិធាន​សុខាភិបាល​)​។

ទន្ទឹមនឹងនេះ ការបញ្ជាទិញ​ពី​ប្រទេស​កម្ពុជា បណ្តា​ប្រទេស​ផ្សេងៗ​ក៏បាន​បញ្ជា​ទិញ​ដូចគ្នា ហេតុនេះ​ការផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ ចំណែក​ការចំណាយ​លើ​ការរៀបចំ​វេចខ្ចប់​ឡើងវិញ ដែល​ត្រូវការ​សម្បក​វេចខ្ចប់​បោះពុម្ព​ជា​ភាសា​ខ្មែរ ព្រមទាំង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីថ្នាំ​កសិកម្ម​មួយចំនួន​មិនបាន​ទៅ​ទិញ​ដល់​រោងចក្រ​ផលិត​ផ្ទាល់​ដោយ​ឈ្មួញកណ្តាល ជាហេតុ​ធ្វើឱ្យ​ជី​ថ្នាំ​កសិកម្ម​ថ្លៃ​ជាង​តម្លៃ​នៅ​រោងចក្រ​ផលិត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមទៀត​ថា​៖ «​តម្រូវការ​ជី​កសិកម្ម​ក្នុងស្រុក​មានការ​កើនឡើង​ច្រើន ដោយសារ​អ្នក​វិនិយោគ​មួយចំនួន​ប្តូរ​ពី​វិស័យ​ផ្សេងៗ​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​។ ប្រទេស​កម្ពុជា​មិនទាន់​មានលទ្ធភាព​អាច​ផលិត​ជី​កសិកម្ម​បាន​នៅឡើយ​ (​មានលទ្ធភាព​ផលិត​ជីធម្មជាតិ និង​ជីសរីរាង្គ​តែប៉ុណ្ណោះ​)»​។

លោក យុន សុផាត អគ្គនាយក​ក្រុមហ៊ុន​ Huy Yun Agriculture ដែលជា​ក្រុមហ៊ុន ផលិត​ជីធម្មជាតិ​ក្នុងស្រុក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីផ្សារ​ជី​ធម្មជាតិ​របស់​ក្រុមហ៊ុន​លោក​ក៏មាន​តម្រូវការ​ខ្ពស់​ក្នុង​អំឡុងពេល​នេះ ប៉ុន្តែ​តម្លៃ​មិនបាន​កើនឡើង​នោះទេ​។

លោក​បាន​ប្រាប់ថា​៖ «​យើង​ជួប​បញ្ហា​ការប្រកួតប្រជែង​ជាមួយ​នឹង​ជី​កសិកម្ម​នាំចូល​គ្មាន​គុណភាព ហើយ​លក់​ទម្លាក់​តម្លៃ​ដែល​ធ្វើឱ្យ​យើង​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ក្រុមហ៊ុន​យើង​ផ្តោត​ខ្លាំង​លើ​គុណភាព​សម្រាប់​អ្នកប្រើប្រាស់​»​។ ក្រុមហ៊ុន​យើង​បាន​ផ្តោតលើ​ការផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស​ដល់​ប្រជាកសិករ​ឥតគិតថ្លៃ​ដែល​នេះ​ជា​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ ដើម្បី​លើកស្ទួយ​ជីវភាព​កសិករ​ខ្មែរ​»​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចូល​ថ្នាំ​កសិកម្ម​ចំនួន ១០៣ ០០៥ ​តោន និង​ជី​កសិកម្ម​ចំនួន ១ ៤០៦ ៧៧៥ តោន​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA

វីដេអូ៖