ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានអះអាងថា ក្រសួងកំពុងជំរុញការពង្រាយអង់តែនទូរស័ព្ទនៅទូទាំងផ្ទៃប្រទេសឱ្យបានបញ្ចប់នៅឆ្នាំ ២០២៧ ខាងមុខ ខណៈការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិតជាលក្ខណៈគ្រួសារ និងអាជីវកម្ម នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យការផ្គត់ផ្គង់សេវាអ៊ីនធឺណិតហាក់មានភាពរអាក់រអួល។
ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយស្ថាប័នព័ត៌មាន កាលពីល្ងាចថ្ងៃទី ៩ ខែសីហា តាមប្រព័ន្ធអនឡាញដោយលោកបានបញ្ជាក់ថា តាមផែនការការពង្រាយអង់តែនទូរស័ព្ទនេះនឹងធ្វើឱ្យបានគ្រប់ឃុំ ស្រុកទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលនឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រព័ន្ធអ៊ីនធឺណិត។
ចំពោះការរអាក់រអួលសេវាទូរស័ព្ទ និងអ៊ីនធឺណិត លោករដ្ឋមន្ត្រីអះអាងថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) មួយចំនួនមិនបានវិនិយោគបន្ថែមទៅលើការដំឡើងបង្គោលអង់តែនឱ្យបានច្រើន ដើម្បីបំពេញតម្រូវការកំណើនរបស់អ្នកប្រើប្រាស់ឡើយ។
លោក វ៉ាន់ដេត ថ្លែងថា៖ «កន្លងមកក្រសួងបានសង្កេតឃើញមានការរអ៊ូពីសំណាក់អ្នករស់នៅតាមបុរីក្នុងទីក្រុងភ្នំពេញដោយសារតែនៅក្នុងបុរី ទូរស័ព្ទរបស់ពួកគេគ្មានសេវា ខណៈក្រុមហ៊ុនដែលជាប្រតិបត្តិករតែងតែឆ្លើយដោះសាលើបញ្ហានេះ។ ដើម្បីជាដំណោះស្រាយ ក្រសួងនឹងដាក់ឧបករណ៍ធ្វើតេស្តចាប់សេវាទូរស័ព្ទក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា (មិនមានសេវា) ហើយបង្ហាញឱ្យក្រុមហ៊ុនទាំងនេះកែលម្អ និងដោះស្រាយជាបន្ទាន់»។
លោកបន្ថែមថា៖ «កន្លងមកក្រុមហ៊ុនដាំបង្គោលអង់តែន ១ ដើម្បីបម្រើសេវាសម្រាប់មនុស្ស ៣ ពាន់នាក់ ប៉ុន្តែតំបន់នោះឥឡូវចំនួនមនុស្សកើនដល់ ១ ម៉ឺននាក់ ដូច្នេះអ្នកប្រើច្រើនបានធ្វើឱ្យសេវារអាក់រអួល ហើយបង្គោលអង់តែនបានឃ្លាតគ្នាខ្លាំងពេក ដែលគាត់មិនបានដំឡើងថែមទៀត ដោយគាត់ចំណេញយកតែលុយដាក់ហោប៉ៅខ្លួនឯងច្រើន ឬមិនបានបំពាក់ឧបករណ៍បន្ថែម»។
ទន្ទឹមនឹងនេះនៅទីក្រុងមានអគារខ្ពស់ៗកើនឡើងច្រើនដែលធ្វើឱ្យបាត់សេវាចន្លោះពី ៥០-៧០ ភាគរយ ហើយការធ្វើផ្សព្វផ្សាយពាណិជ្ជកម្ម (Promotion) ហួសកម្រិតក៏បានធ្វើឱ្យមានការប្រើប្រាស់ច្រើនក្នុងពេលតែមួយ។ ឧទាហរណ៍ មានក្រុមហ៊ុនខ្លះលក់បានកញ្ចប់អ៊ីនធឺណិត ប៉ុន្តែផ្តល់សេវាមិនគ្រប់តាមស្តង់ដា។
លោកបានបន្ថែមថា៖ «មានបុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខធ្វើឱ្យតម្លៃឡើងថ្លៃ ហើយផ្តល់សេវាមិនគ្រប់គ្រាន់។ ការសាងសង់បុរីខ្លះក៏អត់មានទុកដីសម្រាប់សង់បង្គោលអង់តែនផងដែរ»។
កាលពីខែឧសភា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារប្រតិបត្តិចំនួន ៥ តំបន់ដែលមានភារកិច្ចក្នុងការចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មានពាក់ព័ន្ធនឹងសេវា ទីតាំងស្ថានីយ បង្គោលអង់តែន ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរស័ព្ទចល័ត និងការប្រើ ហ្វ្រេកង់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រុមហ៊ុន Smart Axiata កាលពីពេលថ្មីនេះបានឱ្យដឹងថា ខ្លួនបានវិនិយោគប្រាក់លើសពី ៩០ លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនក្នុងឆ្នាំ ២០២១ នេះ។ គិតត្រឹមដំណាច់ឆមាសទី ១ Smart Axiata បានដំឡើងបណ្តាញស្ថានីយចំនួន ៣០០ លើផែនការនៃការសាងសង់ចំនួន ៣៥០ ស្ថានីយត្រឹមដំណាច់ឆ្នាំ ២០២១ នេះ។
ទិន្នន័យចុងក្រោយបំផុតបានមកពីនិយតករទូរគមនាគមន៍កម្ពុជាបង្ហាញថា គិតត្រឹមខែឧសភាឆ្នាំមុន ចំនួនការជាវទូរស័ព្ទចល័តដ៏សកម្មនៅប្រតិបត្តិករទាំង ៦ របស់ប្រទេសកម្ពុជាមានចំនួន ២០ ៤៨១ ០៥១ ធ្លាក់ចុះ ០,០៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ចំនួននៃការជាវសេវាអ៊ីនធឺណិតចល័តនៅក្នុងក្រុមហ៊ុនផ្ដល់សេវាទាំង ៧ របស់កម្ពុជាក៏បានកត់ត្រាការធ្លាក់ចុះចំនួន ២,៣៦ ភាគរយមកនៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកការជាវសេវាអ៊ីនធឺណិតលើតុនៅក្នុងក្រុមហ៊ុនផ្ដល់សេវាទាំង ៣៧ របស់ប្រទេសកម្ពុជាបានកត់ត្រាចំនួន ៣៣,០៧ ភាគរយកើនឡើងដល់ ២៤៩ ១៣២៕ LA