ភ្នំពេញៈ កម្ពុជា និងម៉ាឡេស៊ី កាលពីថ្ងៃពុធបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ជាមួយធនាគារ Maybank ដែលអនុញ្ញាតឱ្យមានការផ្ទេរប្រាក់រវាងប្រទេសទាំង ២ កាន់តែរហ័ស ងាយស្រួល និងទទួលបានភ្លាមៗ។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃ NBC បានឱ្យដឹងថា ការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ឌីជីថលដែលសហការគ្នានេះ គឺជាចំណុចចាប់ផ្ដើមដ៏ល្អរវាងប្រទេសអាស៊ានទាំង ២ នេះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ប្រជាជនអាចផ្ទេរប្រាក់កាន់តែងាយស្រួល និងកាន់តែរហ័សថែមទៀត។
លោកស្រីថ្លែងថា៖ «កិច្ចសហការគ្នានេះ គឺគ្រាន់តែជាការចាប់ផ្ដើមដំបូងប៉ុណ្ណោះ ហើយខ្ញុំជឿជាក់ថា យើងនឹងមានការសហការជាមួយគ្នាជាច្រើនថែមទៀត ជាឧទាហរណ៍ នៅពេលនេះគឺជាការផ្ទេរប្រាក់តែម្ខាង ប៉ុន្តែយើងក៏បន្តការងារការផ្ទេរប្រាក់ទាំង ២ ដែលប្រជាជនមកពីប្រទេសម៉ាឡេស៊ីក៏អាចផ្ញើប្រាក់មក តាមរយៈបាគងទៅកម្មវិធីធនាគារ Maybank របស់ពួកគេទៅធនាគារក្នុងស្រុកនៅក្នុងប្រទេសម៉ាឡេស៊ីបានផងដែរ»។
លោកស្រីលើកឡើងថា៖ «យើងក៏ស្វែងរកការទូទាត់តាម QR កូដ សម្រាប់ភ្ញៀវទេសចរផងដែរ។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង ប្រព័ន្ធបាគងគឺដើម្បីធ្វើឱ្យការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកកាន់តែងាយស្រួល»។
លោកស្រីបន្ត៖ «នៅទីបំផុត អ្វីដែលយើងចង់មើលឃើញគឺការប្តូរពីប្រាក់រីងហ្គីត [រូបិយប័ណ្ណម៉ាឡេស៊ី] ទៅជាប្រាក់រៀលខ្មែរ ដូច្នេះមានកាន់តែច្រើនដែលយើងអាចស្វែងរក និងធ្វើជាមួយគ្នាបាន»។
លោកស្រីបញ្ជាក់ថា៖ «ប៉ុន្តែត្រូវចាំក្នុងចិត្តជានិច្ចថា អ្វីក៏ដោយដែលយើងនឹងធ្វើបន្តសម្រាប់អត្ថប្រយោជន៍របស់ប្រជាជន និងសង្គម និងសម្រាប់ប្រទេសជាតិ»។
លោក Dato'' MohdHanif Saudi អគ្គនាយកធនាគារ Maybank Cambodia បានឱ្យដឹងថា កិច្ចសហការគ្នានេះនឹងឆ្លើយតបនឹងការអភិវឌ្ឍបច្ចុប្បន្ននៃការទូទាត់ឆ្លងកាត់ព្រំដែន ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនកម្ពុជាដែលកំពុងធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
លោកថ្លែងថា៖ «មានប្រជាជនកម្ពុជាជាច្រើនកំពុងធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី ហើយច្បាស់ណាស់ពួកគេត្រូវការផ្ញើប្រាក់ទៅផ្ទះ និងគ្រួសាររបស់ពួកគេ។ សំណួរនេះគឺថា តើពួកគេនរណា។ មុននឹងយើងមានបាគង វាត្រូវការពេលវេលាជាច្រើនថ្ងៃ ខ្ញុំគិតថា ដោយមានកិច្ចសហការគ្នាជាមួយបាគង យើងអាចដោះស្រាយបញ្ហានេះបាន»។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ជាមួយនឹងគម្រោងបាគង យើងអាចជួយ និងដោះស្រាយបញ្ហាដែលយើងមាននៅពេលបច្ចុប្បន្ន។ ពិតហើយ យើងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើជាផ្នែកមួយនៃគម្រោងបាគងនេះ។ ដោយមានគម្រោងបាគងនេះ ខ្ញុំគិតថា នៅពេលនេះគ្រប់គ្នាអាចផ្ទេរប្រាក់របស់ខ្លួន និងផ្ញើប្រាក់ទៅផ្ទះបានភ្លាមៗ និងងាយស្រួល។ នោះគឺជាបរិយាប័ន្នហិរញ្ញវត្ថុ ដែលផ្ដល់លទ្ធភាពដល់គ្រប់ៗគ្នាដល់សហគមន៍ដែលយើងបម្រើ»។
លោក EldeenHusianiMohdHashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា កិច្ចសហការគ្នានេះនឹងបង្កើនល្បឿនផ្ទេរប្រាក់រវាងពលរដ្ឋម៉ាឡេស៊ី និងកម្ពុជា។
លោកបញ្ជាក់៖ «ភាពជាដៃគូរវាងធនាគារ Maybank Cambodia និង NBC បញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតរវាងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុនៃប្រទេសទាំង ២»។
លោកបន្ថែម៖ «កិច្ចសហការគ្នានេះជួយភ្ជិតគម្លាត និងតភ្ជាប់រាល់ទំនាក់ទំនងទាំងអស់ឆ្ពោះទៅការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើង និងបង្ហាញព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងទៀតនៅក្នុងទំនាក់ទំនងរយៈពេល ៦៤ ឆ្នាំរបស់យើង ដែលរួមមានទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច និងការពារជាតិ ការអប់រំ និងវប្បធម៌»៕ LA