ភ្នំពេញៈ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) កំពុងជួយសម្របសម្រួលដល់ក្រុមហ៊ុននាំចេញរបស់កម្ពុជាចំនួន ២៥ ដើម្បីបើកទីផ្សារនាំចេញម្រេចទៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអហ្វ្រិកខាងជើង។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំប្រចាំត្រីមាសទី ២ របស់ CPSF។
លោក ម៉ាក់ នី ប្រធាន CPSF បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១២ ខែសីហា ថា CPSF បាននិងកំពុងរៀបចំចាប់ដៃគូក្រុមហ៊ុននាំចេញរបស់សហព័ន្ធ ដើម្បីនាំចេញម្រេចទៅទីផ្សារបណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលជាប្រទេសមានតម្រូវការច្រើន។
លោកថ្លែងថា៖ «ផ្លេតហ្វមដែលធ្វើសម្រាប់នាំចេញគឺជាលក្ខណៈអនឡាញ មានន័យថា យើងដាក់លក់ផលិតផលយើងតាមអនឡាញនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ យើងនឹងដាក់បញ្ចូលក្រុមហ៊ុនទាំង ២៥ ដែលលក់ផលិតផលកសិកម្មកម្ពុជា ដើម្បីចាប់ដៃគូជាមួយអ្នកលក់ និងអ្នកទិញ។ ក្រៅពីនាំចេញម្រេច យើងក៏ផ្តោតទៅលើផលិតផលសរីរាង្គ និងធម្មជាតិ (បន្លែផ្លែឈើសុវត្ថិភាព) ផងដែរ»។
លោកឱ្យដឹងទៀតថា CPSF ធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលម្រេចមិនមែន GI របស់កម្ពុជាឱ្យគេស្គាល់គ្រប់ទីកន្លែងដើម្បីបញ្ជ្រាបទីផ្សារទៅកាន់តំបន់ថ្មីៗថែមទៀត។ នេះជា គោលដៅរបស់សហព័ន្ធ ព្រោះ CPS ចង់ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតម្រេចមួយក្នុងចំណោមបណ្តាប្រទេសផលិតម្រេចល្អលើពិភពលោក។
លោកបន្ថែមថា៖ «គោលដៅរបស់យើងផ្តោតលើផលិតផលម្រេចមិនមែន GI ប៉ុន្តែប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងឱ្យតែមានផលិតផលកសិកម្មសរីរាង្គ និងធម្មជាតិ គេត្រូវការហើយ ព្រោះប្រទេសគេអភិវឌ្ឍ ជាងយើង គេត្រូវការរបស់មានគុណភាពល្អ ដូចនេះខ្ញុំគិតថាទីផ្សារនោះក៏ល្អសម្រាប់ពួកយើង ហើយលក្ខខណ្ឌប្រហែលជាល្អជាង ឬក៏ស្រួលជាងប្រទេសនៅតំបន់អឺរ៉ុប»។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជានាំចេញម្រេចមិនមែន GI និងម្រេចកំពត (GI) សរុប ២២ ៥៨០,៦៨ តោន កើនឡើង ៥៥៨,១៩ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។
ផលិតផលម្រេចកម្ពុជាបាននាំចេញទៅ ១៩ ប្រទេសក្នុងនោះ វៀតណាមជាទីផ្សារធំជាងគេ ដោយមាន ២២ ២១៧ តោន តាមពីក្រោយដោយអាល្លឺម៉ង់ ២៤៤,៥៧ តោន បារាំង ២០,១៤ តោន និងបែលហ្ស៊ិក ១៥,៩៨ តោន៕ LA