ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលជាគ្រឹះស្ថានចុះបញ្ជីសញ្ញាបណ្ណនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១១ ខែសីហា បានរាយការណ៍ពីប្រតិបត្តិការដ៏រឹងមាំរបស់ខ្លួននៅឆមាសទី១ ឆ្នាំនេះដោយក្នុងនោះប្រាក់ចំណេញសុទ្ធបានកើនជាង ៨៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលផ្ញើទៅឱ្យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១១ សីហា ប្រាក់ចំណេញសុទ្ធរបស់ប្រាសាក់ មានចំនួន ៦៨,៤៧ លានដុល្លារធៀបនឹង ៣៧,៣៧ លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ កើនឡើងជាង ៨៣ ភាគរយ។
លោក Kwi Sang JUN ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានឱ្យដឹងក្នុងរបាយការណ៍នេះថា ខណៈការរីករាលដាលជំងឺកូវីដនៅតែបន្តបានបង្កការគំរាមដល់ប្រតិបត្តិការអាជីវកម្មប្រាសាក់បានធ្វើសកម្មភាពយ៉ាងរហ័សដើម្បីប្រឆាំងនឹងហានិភ័យនេះ និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាការពារបុគ្គលិក និងផ្ដល់ការគាំទ្រទាន់ពេលវេលាដល់អតិថិជន។
លោកថ្លែងថា៖ «ទោះបីពេលវេលានេះមិនមានភាពច្បាស់លាស់ក៏ប្រាសាក់ បន្តរីកចម្រើននៅគ្រប់ផ្នែកសំខាន់ៗទាំងអស់ ដែលរួមមានទ្រព្យសកម្មសរុប ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ ព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ យើងបានរៀនសូត្រជាច្រើនពីបញ្ហាប្រឈមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានធ្វើឱ្យប្រាសាក់ក្លាយជាគ្រឹះស្ថានដ៏រឹងមាំ និងស្ថិរភាពមួយក្នុងរយៈពេលជាង ២៥ ឆ្នាំនៃកំណើនប្រកបដោយចីរភាព»។
កាលពីពាក់កណ្ដាលខែមិថុនា ប្រាសាក់ បានបង្កើនទុនភាគហ៊ុនចុះបញ្ជីរបស់ខ្លួនពី ២៣០ លានដុល្លារដល់ ៣០០ លានដុល្លារ ដើម្បីសម្រេចបានស្ថានភាពហិរញ្ញវត្ថុដ៏ល្អ និងបង្កើនទំនុកចិត្តពីសាធារណជន។
ប្រាសាក់ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុលើកដំបូងដែលបានចេញសញ្ញាបណ្ណសាជីវកម្មឈានមុខគេនៅលើ CSX ក្នុងចំនួនសរុប ១២៧,២ ពាន់លានរៀល។ ជាលទ្ធផលនៅចុងត្រីមាសទី ២ ឆ្នាំ ២០២១ ទ្រព្យសកម្មសរុបមានតម្លៃ ៣,៨៣ ពាន់លានដុល្លារ កើន ១៤,២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ តុល្យភាពប្រាក់បញ្ញើកើនដល់ ២,៣២ ពាន់លានដុល្លារ និងផលបត្រកម្ចីដុលកើនឡើងដល់ ៣,៣៥ ពាន់លានដុល្លារ។ មូលនិធិរបស់ភាគទុនិកក៏បានកើនឡើងផងដែរ និងបានកើនឡើងដល់ ៥៨៧ លានដុល្លារក្នុងអំឡុងពេលរាយការណ៍នេះ។ ម្យ៉ាងទៀត ប្រាសាក់បានបង្កើនទុនចុះបញ្ជីរបស់ខ្លួនដល់ ៣០០ លានដុល្លារនៅត្រីមាសនេះ។
កម្ពុជាបានជួបប្រទះស្ថានការណ៍លំបាកដោយសារតែអ្វីដែលហៅថា «ការផ្ទុះឡើងនៃការរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលបានកើតឡើងចាប់ពីត្រីមាសដំបូងមកដល់សព្វថ្ងៃនេះ។ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាបានបន្ទាបមកនៅត្រឹម ២,៥ ភាគរយក្នុងឆ្នាំ ២០២១ ធៀបនឹង ៤ ភាគរយដែលបានព្យាករកាលពីលើកមុន៕ LA