ភ្នំពេញៈ ប្រទេសចិន បានដាក់បម្រាមមិនកំណតចំពោះផ្លែមៀនរបស់ថៃ ដោយសារការចម្លងមេរោគជាមួយសត្វល្អិតចង្រៃ ដែលបម្រាមនេះ ត្រូវបានអនុវត្តចាប់ពីនៅថ្ងៃសុក្រនេះ។ នេះបើតាមសារព័ត៌មានថៃ Bangkok Post។
ការកំណត់បម្រាមនេះ ធ្វើឡើងស្របពេលថៃក៏បានហាមការនាំចូលមៀនប៉ៃលិនពីប្រទេសកម្ពុជា។
លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចិនបានអនុវត្តការហាមឃាត់នេះ ដោយសារតែសត្វល្អិតចង្រៃត្រូវបានគេរកឃើញក្នុងចំណោមការនាំចេញមៀនរបស់ថៃ។
លោកបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មនៅប្រទេសចិន ដើម្បីស្វែងរកការពន្យារពេលចំពោះការហាមឃាត់នេះ ដោយសារតែវាត្រូវបានដាក់ចេញក្នុងពេលដ៏ខ្លីបំផុត។ នេះបើតាមកាសែត Bangkok Post។
លោកថា៖ «ប្រសិនបើការចរចាបរាជ័យការនាំចេញផ្លែមៀនរបស់ថៃ នឹងរងផលប៉ះពាល់ព្រោះការនាំចេញមៀនថៃ ៧០-៨០% ត្រូវបានកំណត់សម្រាប់ប្រទេសចិន។ នាយកដ្ឋាននេះនឹងស្វែងរកទីផ្សារសក្តានុពលនៅអាស៊ីអាគ្នេយ៍ ដើម្បីទូទាត់សង»។
កាលពីថ្ងៃទី ១២ សីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនាំចេញផ្លែមៀនប៉ៃលិន ឱ្យបង្វែរពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីថៃមិនអនុញ្ញាតឱ្យនាំចូលមៀនប៉ៃលិនរបស់កម្ពុជាតាមច្រកព្រំដែនគោករវាងប្រទេសទាំង ២។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផលមៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានាបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ក្រសួងកសិកម្មសូមធ្វើការអំពាវនាវដល់អ្នកនាំចេញគួរបង្វែរទៅរកទីផ្សារប្រទេសវៀតណាម ព្រោះភាគីទាំង ២ បានឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យរួចហើយ។ នេះបើតាមក្រសួងកសិកម្ម៕