ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសជប៉ុនក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះមានតម្លៃជិត ៨១៥ លានដុល្លារ កើនឡើងតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជាង ១,១ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro។
ទិន្នន័យពី Jetro កាលពីចុងសប្តាហ៍មុន បង្ហាញថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២១ ទំនិញដែលកម្ពុជានាំទៅជប៉ុនមានតម្លៃ ៨១៤,៥៣ លានដុល្លារ កើនឡើង ២,៧ ភាគរយពីចំនួន ៧៩៤,១៩ លានដុល្លារ ចំណែកឯទំនិញដែលជប៉ុននាំមកកម្ពុជាមានតម្លៃ ២៩៥,២៣ លានដុល្លារ កើន ៣៥ ភាគរយពី ២១៨,៦១ លានដុល្លារ។ ជាមួយនឹងកំណើនទឹកប្រាក់នាំចេញ-ចូលក្នុងរយៈពេលខាងលើបានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងភាគីទាំង ២ មានតម្លៃសរុប ១ ១០៩,៧៧ លានដុល្លារ កើន ៩,៥៧ ភាគរយធៀបនឹង ១ ០១២,៨១ លានដុល្លារកាលពីឆមាសទី ១ ឆ្នាំ ២០២០។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៦ ខែសីហាថា ទោះបីវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅលើពិភពលោក មិនទាន់មានភាពធូរស្រាល ប៉ុន្តែគេសង្កេតឃើញការនាំចេញ-ចូលទំនិញរវាងកម្ពុជា ជប៉ុនបានចាប់ផ្តើមកើនឡើងវិញជាបណ្តើរៗហើយ ខុសពីឆ្នាំមុនដែលការនាំចេញ និងនាំចូលធ្លាក់ចុះព្រមៗគ្នា។ លោកបន្តថា នេះជាសញ្ញាល្អសម្រាប់ទិដ្ឋភាពជារួមនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ ចាប់ពីដើមឆ្នាំ ២០២១ មក ខណៈសញ្ញាវិជ្ជមានបន្ថែមទៀតត្រូវរំពឹងថា នឹងមានសម្ទុះខ្លាំងនៅពេលការបើកផ្លូវហោះហើរផ្ទាល់រវាងប្រទេសទាំង ២ ចាប់ផ្តើមឡើងវិញ។
លោកបានថ្លែងថា៖ «បន្ទាប់ពីបង្កើតបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េ ខ្ញុំរំពឹងថា កម្ពុជាក៏អាចនឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជប៉ុនដែរ។ នៅពេលមានកិច្ចព្រមព្រៀងនេះ ការនាំចេញ-នាំចូលរវាងប្រទេសទាំង ២ នឹងមានកំណើនខ្ពស់បន្ថែមទៀតធៀបនឹងបច្ចុប្បន្ន»។
លោកប្រាប់ទៀតថា ទាក់ទងនឹងកំណើនខ្ពស់នៃការនាំចូលរបស់ជប៉ុននាពេលនេះ គឺមិនមែនជាចំណុចអវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជាទេ ព្រោះផលិតផលដែលនាំចូលពីជប៉ុន ភាគច្រើនលើសលប់ជាគ្រឿងចក្រ និងគ្រឿងអេឡិចត្រូនិក ដែលជាឧបករណ៍សំខាន់សម្រាប់ប្រើប្រាស់ក្នុងចង្វាក់ផលិតកម្មនៅកម្ពុជា។ លោកអះអាងថា៖ «ផលិតផលទាំងអស់នោះអាចជាគ្រឿងម៉ាស៊ីនសម្រាប់ផលិត ផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបាននិយាយថា ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង ២ ក្នុងឆមាសទី ១ អាចមកពីកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត កត្តាផលិតភាព និងគុណភាពផលិតផលកម្ពុជា និងទំនុកចិត្តអ្នកប្រើប្រាស់លើគុណភាពនៃផលិតផលរបស់ជប៉ុន។ លោកបន្តថា ប្រទេសជប៉ុនរីកចម្រើន និងមានទីផ្សារធំ ហេតុនេះបើកម្ពុជាអាចទាក់ទាញវិនិយោគជប៉ុនឱ្យចូលមកបើករោងចក្រកាន់តែច្រើននោះ វានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនកាន់តែឆាប់។
លោកបន្ថែមថា៖ «ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានទំហំកាន់តែធំ បើប្រទេសទាំង ២ អាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដោយពេលនោះនឹងមានវិនិយោគិនជាច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតសម្រាប់នាំចេញទៅទីផ្សារជប៉ុន»។
លោកបានបន្ថែមថា ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញ កម្ពុជាក៏ត្រូវខិតខំធ្វើពិពិធកម្មលើផលិតផលនាំចេញរបស់ខ្លួនឱ្យមានលក្ខណៈចម្រុះ និងគុណភាពស្តង់ដាផងដែរ។
ពាណិជ្ជកម្មកម្ពុជា ជប៉ុន ក្នុងឆ្នាំ ២០២០ មានទឹកប្រាក់សរុប ២ ១០១,៧៨ លានដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញមាន ១ ៦១៧,០៨ លានដុល្លារ ធ្លាក់ ៦,៦ ភាគរយ និងនាំចូល ៤៨៤,៧០ លានដុល្លារ ធ្លាក់ ១៣,៨ ភាគរយ។ នេះបើយោងតាមទិន្នន័យ Jetro៕ LA