ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME bank) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២» ក្នុង​គោលបំណង​ជួយ​ជំរុញ​សកម្មភាព​អាជីវកម្ម​របស់ SMEs ក្នុងស្រុក​ឱ្យ​បន្តដំណើរការ​របស់ខ្លួន​ក្នុងអំឡុងពេល​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៦ ខែសីហា ឱ្យដឹងថា ធនាគារ​​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង មធ្យម ជំហាន ទី​ ២» បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​គម្រោង​ទី​ ១ រួចមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​៖ «​ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សូម​ជូនដំណឹង​ទៅដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ជ្រាបថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ក្នុង​ការអនុវត្ត​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យមជំហាន​ទី​២ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៃ​គម្រោង​ទី​១ ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ជួយ​ដល់ SMEs ដែល​កំពុង​ត្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​បន្ត​។ គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​២ ត្រូវបាន​បង្កើតឡើង និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​»​។

សម្រាប់​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​គោលបំណង​ផ្តល់​ឥណទាន​មាន​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដូចជា ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​សម្រាប់​ជំនួស​ឱ្យ​ការនាំចូល បម្រើ​សេចក្តីត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ធាតុ​ចូលក្នុង​ការផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជាដើម​។

លោក សាយ សូនី នាយកប្រតិបត្តិការ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ប្រា​សាក់ បាននិង​កំពុង​ធ្វើការ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ចាប់តាំងពី​ជំហាន​ដំបូង តាមរយៈ​ការចូលរួម​ផែនការ​សរុប ៥ ​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្តែង​ស្ថាប័ន​របស់លោក​បាន​បញ្ចេញ ១០ ​លាន​ដុល្លារ​រួចទៅហើយ​នៅ​ដំណាក់កាល​ទី​ ១​។ លោក​បាន​បន្តថា នៅ​ជុំ​ទី ​២ ថ្នាក់​គ្រប់គ្រង​បាន​បញ្ជាក់ថា​នឹង​ចូលរួម ៥ ​លាន​ដុល្លារ​ទៀត ដែល​នឹង​អាចឱ្យ​បញ្ចេញ​ប្រាក់ ១០​ ​លាន​ដុល្លារ​បន្ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​សរុបមក​យើង​អាច​បញ្ចេញ​ទឹកប្រាក់ ២០ ​លាន​ដុល្លារ ដើម្បី​ជួយ​ដល់ SME រួម​ជាមួយ​នឹង​ធនាគារ SME bank នៅ​ជុំទាំង​ ២​។ ផែនការ​ពិសេស​នេះ​នឹង​អាចឱ្យ SME មានលទ្ធភាព​ទទួលបាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល ដោយមាន​អត្រា​ការប្រាក់​កាន់តែ​ទាប​។ ដូច្នេះ​ពួកគេ​អាចមក​កាន់​ប្រាសាក់ ឬ​ធនាគារ​ដែល​ចូលរួម​ផ្សេងទៀត​ (​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​) ប្រសិនបើ​ពួកគេ​ត្រូវការ​កម្ចី ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​»​។

លោក សូនី ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ជុំវិញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រកប​ដោយ​ជោគជ័យ និង​បេសកកម្ម​ការងារ​កាន់តែ​លំបាក​របស់​រដ្ឋាភិបាល​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា សកម្មភាព​អាជីវកម្ម​ជាទូទៅ​នឹង​ត្រឡប់​ទៅ​រក​ភាពធម្មតា​ជាថ្មី​ក្នុងពេល​ឆាប់​បំផុត ហើយ​យើង​សង្ឃឹមថា អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​នឹង​មករក​យើង​ដើម្បី​ទទួលបាន​កម្ចី សម្រាប់​ចាប់ផ្ដើម​ជាថ្មី​នូវ​អាជីវកម្ម​របស់​ពួកគេ ឬ​ការពង្រីក​អាជីវកម្ម ដូច្នេះ​យើង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​បម្រើ​ពួកគេ តាមរយៈ​ផែនការ​ធនាគារ SME ព្រមទាំង​ការដឹក​នាំទៅរក​ផ្ដល់​ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន​របស់​យើង​»​។

មូលនិធិ​គម្រោង​នេះ​មាន​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ​ដែលជា​ការផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង SME bank ជាមួយ​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ទាំងអស់​។

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃ​គម្រោង​ហិរញ្ញប្បទាន​នេះ​ចំនួន​ ២៦ ក្នុងនោះ ធនាគារពាណិជ្ជ ចំនួន ២១ ធនាគារ​ឯកទេស ១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៣ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ១​។

«​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​តម្រូវការ​ឥណទាន អាចដាក់​ពាក្យស្នើសុំ​ឥណទាន​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហហិរញ្ញប្បទាន​នេះ និង​លក្ខខណ្ឌ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​នីមួយៗ​»​។ នេះ​បើ​យោងតាម​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​៕ LA